បើទោះជាពិធីខួបកំណើតកាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០២៣ របស់លោក ចំរើន ស៊ីថា មានសភាពអ៊ូអរ ដោយភ្ញៀវកិត្តិយសក៏ដោយ ក៏តារាសម្ដែងរូបនេះ សម្រេចថានឹងកំណត់ធ្វើធំត្រឹមតែលើកនេះប៉ុណ្ណោះ ដោយសារមិនចង់រំខានភ្ញៀវកិត្តយសដដែល ដោយអាចធ្វើត្រឹមតូចៗតែរវាងគ្នាឯងសម្រាប់ក្រោយៗ។
នៅក្នុងថ្ងៃនោះ លោកក៏បានប្រកាសថាខ្លួនគឺជាបុរសស្រលាញ់ភេទដូចគ្នា ដោយបានបង្ហាញមុខគូស្នេហ៍ គឺលោក សុភ័ក្ត្រ ដែលលោកបានចាត់ទុកថា គឺជាស្វាមីភេទដូចគ្នារបស់លោកតែម្ដង។ លោក ចំរើន ស៊ីថា បន្តថា ខួបកំណើតឆ្នាំនេះ គឺលោកបានសម្រេចបំណង២ ទី១គឺបានអ្នកសិល្បៈ និង ភ្ញៀវកិត្តិយសជាច្រើន ចូលរួម ដែលធ្វើអោយអ្នកម្ដាយលោកសប្បាយចិត្ត នឹងជោគជ័យរបស់លោក និង ទី២ គឺបានបង្ហាញមុខគូស្នេហ៍ ដើម្បីអោយអ្នកសិល្បៈ និង មិត្តភ័ក្ត្របានស្គាល់។
ក្នុងនាមជាកូនកំព្រាឪពុកតាំងពីក្មេង លោកថា សប្បាយចិត្តដែលខ្លួនតស៊ូមកដល់ថ្ងៃនេះ បើទោះជាផ្លែផ្កានៅក្នុងជីវិត គឺមិនទាន់ខ្លាំងក្លា។ ដោយឡែកលោកក៏នឹងបន្តការងារសិល្បៈ កាន់តែសស្រាក់សស្រាំផងដែរ បន្ទាប់ពីខួបកំណើតវ័យ៣១ឆ្នាំ ត្រូវបានបញ្ចប់ដោយអធឹកអធមនេះ៕