ត្បិតផលិតកម្ម Davitra ទើបតែមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅលើទីផ្សារនៃវិស័យចម្រៀងទើបតែប៉ុន្មានឆ្នាំថ្មីៗនេះ ប៉ុន្តែគុណភាពនៃស្នាដៃមួយបទៗរបស់ផលិតកម្មសុទ្ធសឹងតែទទួលបាននូវការគាំទ្រពីប្រិយមិត្តអ្នកស្ដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់បើប្រៀបធៀបជាមួយនឹងបទចម្រៀងផ្សេងៗរបស់ផលិតកម្មនៅក្នុងស្រុក។
ជាក់ស្ដែងបទចម្រៀង « អូនលែងប្ដីហើយ » ដែលជាការបកស្រាយដោយតារាចម្រៀងដ៏ល្បីគឺអ្នកនាង ខាត់ សុឃីម ដែលជាស្នាដៃនិពន្ធ និង ដឹកនាំដោយលោក គីន កក្កដា ទើបតែទទួលបាននូវពានរង្វាន់ដ៏ពិសេសផ្នែក បទចម្រៀងប្រជាប្រិយប្រចាំឆ្នាំ2022-2023 ដែលមានអ្នកស្ដាប់ច្រើនជាងគេ នៅក្នុងកម្មវិធី Pleng Music Award 2023 ថ្មីៗនេះ ដែលអាចចាត់ទុកថាជាការបើកទំព័រដំបូងបង្អស់របស់ផលិតកម្ម និង ជាជោគជ័យដ៏អស្ចារ្យមួយផងដែរ។
យ៉ាងណាក្រុមហ៊ុន Davitra ក៏មិនបន្ធូរដៃនៅក្នុងការផលិតបទចម្រៀងជាបន្តបន្ទាប់នោះដែរ ហើយនាឱកាសឆ្នាំថ្មីនេះក្រុមហ៊ុនក៏បានបន្តនាំយកនូវរសជាតិថ្មីនៃបទចម្រៀងដែលមានចំណងជើងថា « ការ៉េមខ្មែរ » ដែលជាការច្រៀងរួមគ្នារវៀងអ្នកនាង ខាត់ សុឃីម រួមទាំងកម្លោះសង្ហារប្រចាំផលិតកម្ម Davitra គឺលោក រាជ ប្រាថ្នា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺនៅក្នុងការថត MV មួយបទនេះក៏បានរួមបញ្ចូលជាមួយនឹងសម្លៀកបំពាក់ទម្រង់បុរាណគ្នាស្រុះដៃទាំងតួសម្ដែងជនជាតិខ្មែរ និង ជាជនជាតិបរទេស ចម្រុះព័ណ៌គ្នាគួរឱ្យទាក់ទាញ សាកសមជាមួយនឹងទីតាំងបែបខ្មែរនៅក្នុងបរិវេណរម្មណីយដ្ឋាន កោះស្លាកែត ធានាថា MV មួយបទនេះមិនត្រឹមតែពិរោះគួរឱ្យចង់រាំ តែក៏នឹងមានទិដ្ឋភាពប្លែកភ្នែករួមបញ្ចូលជាមួយឈុតឆាកសម្ដែងពីសំណាក់តារាកិត្តិយសល្បីៗជាច្រើនរូបផងដែរ។
ក្រៅពីបទច្រៀងរួមគ្នារបស់អ្នកទាំងពីរក៏នៅមានបទចម្រៀងដាច់ដោយឡែកៗពីគ្នាផងដែរ ក្នុងនោះមានបទ « ជិតបានប្ដីហើយ » របស់អ្នកនាង ខាត់ សុឃីម និង បទ « ជិតបានប្រពន្ធហើយ » របស់លោក រាជ ប្រាថ្នា ក៏កំពុងផ្ទុះការគាំទ្រ និង កំពុងទទួលបានការចែករំលែកនៅក្នុងបណ្ដាញសង្គមហ្វេកប៊ុក ក៏ដូចជាកាត់តជាចម្រៀងកាយវិការនៅក្នុង Tiktok ផងដែរ ដែលនេះជារសជាតិថ្មីមួយបែបទៀតតបតាមតម្រូវការពីសំណាក់មិត្តយុវវ័យក៏ដូចជាមហាជនដែលជាអ្នកស្ដាប់ មិនថាអ្នកមានគ្រួសារ ឬ នៅលីវ ដើម្បីបានរាំលេង និង អបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកំពុងខិតជិតមកដល់នេះ។