តបតាមការអញ្ជើញរបស់ ឯកឧត្តម គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ពុជា ប្រចាំនៅស្ថានទូតកម្ពុជា នៅក្នុងប្រទេសវៀតណាម និងជាអ្នករៀបចំពិធីជប់លៀងអបអរសង្ក្រាន្តចូលឆ្នាំខ្មែរធំមួយ នៅទីក្រុងហូជីមីញ កាលពីថ្ងៃទី៨ មេសា សិល្បករសិល្បការិនី៥រូប អមដោយក្រុមការងារ បានមកបំពេញទស្សនកិច្ច និង ទៅសម្ដែងនៅក្នុងព្រឹត្តិការណ៍នោះ ដោយធ្វើអោយកម្មវិធីទាំងមូលកាន់តែកក្រើក និង មានភាពសប្បាយរីករាយ។ ពិធីនេះមិនត្រឹមតែអញ្ជើញបងប្អូនខ្មែរ ដែលរស់នៅធ្វើការក្នុងប្រទេសវៀតណាមអោយមកជួបជុំគ្នាតែម្យ៉ាងនោះទេ តែក៏មានវត្តមានមន្ត្រីជាន់ខ្ពស់តំណាងប្រទេសវៀតណាម មន្ត្រីស្ថានទូតកម្ពុជានៅវៀតណាម និង ថ្នាក់ដឹកនាំពីប្រទេសកម្ពុជា ចូលរួមជាអធិបតីភាពផងដែរ ដោយវត្តមានតំណាងកម្ពុជានាថ្ងៃនោះ គឺ ឯកឧត្តម ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
នៅក្នុងកម្មវិធីដ៏អធឹកអធមនោះ ក្រៅពីថ្លែងចំណាប់អារម្មណ៍ទៅវិញទៅមក ដោយថ្នាក់ដឹកនាំតំណាងកម្ពុជា និង វៀតណាម ក៏តម្រូវអោយសិល្បករសិល្បការិនីចំនួន២ក្រុម ដែលមួយក្រុមជាសិល្បករវៀតណាម និង មួយក្រុមជាសិល្បករទាំង៥រូបមកពីកម្ពុជា ឡើងសម្ដែងឆ្លាស់គ្នាទៅវិញទៅមក ដោយមួយក្រុមត្រូវសម្ដែង ៤វគ្គ ខណៈដែលវគ្គនីមួយៗ ក្រៅពីប្រកាសឈ្មោះក្រុម ក៏មានការអត្ថាធិប្បាយពីអត្ថន័យនៃបទចម្រៀងដែលត្រូវសម្ដែង ដែលជាការលើកមុខដល់សិល្បករ ជាពិសេសគឺក្រុមសិល្បករទាំង៥រូបពីកម្ពុជា ដែលបានទៅសម្ដែងផងដែរ។ នៅក្នុងពិធីដែលមានភ្ញៀវកិត្តិយស និង សិល្បករយ៉ាងច្រើនកុះករនោះ ក្រៅពីព្រះសង្ឃវៀតណាម និង ឥស្សរជនឆ្នើមប្រចាំអគ្គកុងស៊ុលកម្ពុជា នៅហូជីមីញពីរបីរូប គឺមានតែសិល្បករមកពីប្រទេសកម្ពុជាប៉ុណ្ណោះ ដែលទទួលបានលិខិតថ្លែងអំណរគុណ ចំណែកសិល្បករវៀតណាម ដែលចូលរួមសម្ដែងជាច្រើន Show គឺមិនមានលិខិតផ្ដល់ជូននោះឡើយ។
វត្តមានតារាតំណាងពីកម្ពុជាទាំងនោះរួមមាន អ្នកនាង ស្វែង សុជាតា តារាសម្ដែង, លោក សាន ផានិត តារាចម្រៀង, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាអ្នករៀបចំការសម្ដែង, កញ្ញា អ៊ុង នីនិច តារាចម្រៀង, លោក រុន ណាកូ ពិធីករផ្ទះតារា
និង ក្រុមការងារអមដំណើរមួយចំនួន។
ឯកឧត្តម គង់ ពុទ្ធារ៉ា អនុព័ន្ធពាណិជ្ជកម្ពុជានៃស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម និងជាអ្នករៀបចំ បានសម្ដែងការអបអរចំពោះវត្តមានសិល្បករទាំង៥រូប ដែលបានចូលរួមផ្សព្វផ្សាយវប្បធម៌ និង ញ៉ាំងកម្មវិធីអោយកាន់តែសប្បាយ តាមរយៈការច្រៀងរាំ ធ្វើអោយពិធីទាំងមូលកាន់តែមានបរិយាកាសរីករាយ ទាំងភាគីកម្ពុជា និង វៀតណាម។
ឯកឧត្តម មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំដែលតំណាងស្ថានទូតប្រចាំនៅវៀតណាម តែងតែរៀបចំសង្ក្រាន្ត ដោយអញ្ជើញថ្នាក់ដឹកនាំទាំងពីរប្រទេសមកចូលរួមទស្សនាសិល្បៈកម្ពុជា និង វៀតណាមបែបនេះ តែនាពេលកន្លងមកច្រើនតែរៀបចំបងប្អូនខ្មែរ ដែលរស់នៅស្រាប់នៅកម្ពុជាក្រោម និង និស្សិតវៀតណាម អោយសម្ដែងសិល្បៈតំណាងអោយសិល្បៈវប្បធម៌ ដើម្បីបង្កើតសិល្បៈសប្បាយៗ។ដោយឡែកឆ្នាំនេះ ឯកឧត្តមថាពិតជាមានកិត្តិយសដែលសិល្បករទាំង៥រូបបានតំណាងអោយតារាកម្ពុជា ហើយមកសម្ដែងដោយផ្ទាល់ ដោយបានទាំងផ្សព្វផ្សាយសំលៀកបំពាក់ខ្មែរ នៅក្នុងវេទិកា។
ដំណើរមកដល់របស់សិល្បករទាំង៥នេះ ឯកឧត្តមថា កើតឡើងដោយសារឯកឧត្តមមានទំនាក់ទំនងស្គាល់ជាមួយតារាចម្រៀង លោក សាន ផានិត ដើម្បីអញ្ជើញអោយលោក សាន ផានិត មកលេង និង ច្រៀងជាកិត្តិយស នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្ត ហើយលោក សាន ផានិត ក៏ស្នើអោយមានតារាខ្មែរផ្សេងទៀតជួយញ៉ាំងកម្មវិធី ដែលឈានដល់ការអញ្ជើញវត្តមានសិល្បករខ្មែរជាក្រុមតែម្ដង ក្រោមការរៀបចំទម្រង់សិល្បៈពីលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា។ ក្រោយបញ្ចប់ការសម្ដែង ក្រុមសិល្បករទាំងអស់ និង ក្រុមការងារ ក៏ត្រូវបានធ្វើទស្សនកិច្ចនៅតំបន់សំខាន់ៗមួតចំនួន នៅក្នុងប្រទេសវៀតណាម ភាគខាងត្បូងផងដែរ៕