នៅទីបំផុតភាពយន្តដែលកំពុងផ្ទុះកក្រើកនៅក្នុងសង្គមថៃ ក្រោមចំណងជើងថា “ខ្មោចអ្នកតាកាច់” ត្រូវបានប្រកាសមកដល់កម្ពុជា នៅគ្រប់រោងភាពយន្តជាផ្លូវការហើយ ដោយភាពយន្តនេះ ក៏បានដាក់បញ្ចាំងជូនហ្វេនៗ ជាការបើកសម្ពោធ កាលពីល្ងាចថ្ងៃទី១៨ មេសា ឆ្នាំ២០២៣ ពោលគឺក្រោយបញ្ចប់បុណ្យចូលឆ្នាំភ្លាមៗតែម្ដង ដោយគេឃើញអ្នកបានចូលទស្សនា បង្ហាញពីការលាន់មាត់សរសើរយ៉ាងខ្លាំង។
ភាពយន្តនេះ នឹងដំណើរដាក់លក់សំបុត្រគ្រប់រោង ចាប់ពីថ្ងៃទី២០ មេសា តទៅ ដោយក្រុមអ្នកតាមដានភាពយន្តបរទេស ក៏ខ្សឹបខ្សៀវថា ភាពយន្តនេះ ក៏នឹងក្លាយជាស្នាដៃមួយ ដែលអាចកើបលុយនៅទីផ្សារភាពយន្តរបស់កម្ពុជាផងដែរ ដោយសារតែផ្អែកលើ សាច់រឿង ចំណងជើង និង ភាពភ័យរន្ធត់ ដែលបានបង្កប់នៅក្នុងផ្ទៃរឿង។
ភាពយន្តនេះ ក៏បានបង្ហាញពីមន្តអាគម និង ជំនឿទៅលើរូបសំណាក់មួយចំនួន និង បង្ហាញពីអរូបីដ៏ទាក់ទាញជាច្រើន ដែលធ្វើអោយអ្នកទស្សនា ភ័យរន្ធត់ និង លាន់មាត់នូវគ្រប់ឈុត ដែលមានការបង្កប់នូវអារម្មណ៍ព្រឺព្រួចផងដែរ។ អ្វីដែលជាសារដ៏សំខាន់ នៅក្នុងភាពយន្តនេះ គឺអ្នកដែលហ៊ានប្រមាថនឹងជំនឿអរូបី ប្រជែងចង់ឈ្នះនឹងការគោរពបូជា ត្រូវតែហ៊ានប្រឈមមុខនឹងអ្វី ដែលមើលមិនឃើញ។