ក្រោយពីពុះពារតស៊ូរកលុយ ដល់ថ្នាក់ឆ្លងដែនទៅរកលុយដល់ប្រទេសជិតខាងផង ប៉ុន្តែនៅតែគ្មានលទ្ធភាព ពេលនេះ តារាចម្រៀង លោក បញ្ញា សិទ្ធិ បានប្រកាសហើយថា គឺលោកលែងខ្មាស់ ដោយលោកនឹងលើកដៃសុំជំនួយមហាជន ដើម្បីអាចអោយលោកអាចយកម្ដាយទៅវះកាត់នៅប្រទេសថៃបាន។ លោកថា ខ្លួនខំរាល់ថ្ងៃបានត្រឹមតែទិញថ្នាំទប់ជម្ងឺម្ដាយ និង ទុកគ្រាន់សងបំណុល ដែលបានជំពាក់ក្នុងពេលម្ដាយមានជម្ងឺរ៉ាំរ៉ៃប៉ុណ្ណោះ ហើយបណ្ដាលមកពីចេះតែពន្យារពីមួយថ្ងៃទៅមួយថ្ងៃនោះហើយ ទើបបណ្ដាលអោយម្ដាយលោក ក្លាយជាមានជម្ងឺគ្រោះក្នុងតំរងនោមធំទៅៗ ដោយបាញ់លែងធ្លាក់ ដោយទាល់តែត្រូវវះកាត់ ហើយមិនអាចអោយលោកមានលុយបញ្ជូនទៅវះកាត់បាន។ លោកថាធ្លាប់បានសាកសួរព័ត៌មាន នៅឯមន្ទីរពេទ្យថៃមួយកន្លែងរួចហើយ ហើយក៏ចំណាយរង្វង់តែជាង២០០០ដុល្លារ តែគ្រប់ពេលដែលលោកព្យាយាមចង់យកម្ដាយទៅ គឺតែងតែមានបញ្ហាលុយកាក់ ទើបចេះបន្តលើកពេល ហើយបណ្ដាលអោយម្ដាយរបស់លោកធ្លាក់ដល់សភាពចុកស្រែករាល់ថ្ងៃ ដែលលោកមិនអាចទល់ភ្នែកមើល។ លោកថានៅក្នុងពេលនេះគឺមានតែលើកដៃសុំជំនួយពីសប្បុរសជនប៉ុណ្ណោះ ដើម្បីអាចជួយសង្គ្រោះជីវិតម្ដាយ ហើយលោកក៏ថ្លែងអំណរគុណផងដែរ ដែលមានបងប្អូនកាន់តែច្រើន កំពុងបន្តជួយដល់លោក បើទោះជាមិនទាន់ដឹងថា តើនឹងអាចគ្រប់ចំនួនត្រូវព្យាបាលម្ដាយ ឬ យ៉ាងណា?