ការប្រលងចម្រៀងដែលបានធ្វើឡើងដោយក្រុមហ៊ុន Media Pro Entertainment ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយក្នុងចំណោមជើងខ្លាំងវគ្គផ្ដាច់ព្រ័ត្រទាំង១០រូប គឺក្រុមហ៊ុនដែលមានចក្ខុវិស័យខ្ពស់ក្នុងវិស័យចម្រៀងនេះ បានស្វែងរកឃើញជ័យលាភីចុងក្រោយចំនួន៤នាក់ អោយក្លាយជាម្ចាស់ជ័យលាភី ដែលក្រុមហ៊ុនកំណត់យកជាតារាកុងត្រា។ ការប្រលងចម្រៀងដែលបានធ្វើឡើងនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន Media Pro បានប្រកាសពីការចូលរួមផលិតចម្រៀង ដើម្បីប្រជែងទីផ្សារ ហើយសម្រេចជ្រើសដោយការប្រលង ក្រោយពេលមានយុវវ័យច្រើនឡើងបានដាក់ពាក្យចង់ក្លាយជាតារាចម្រៀង។ បន្ទាប់ពីសម្រិតសម្រាំងជាច្រើនវគ្គ បេក្ខជនបេក្ខនារីចំនួន១០រូបចុងក្រោយ ត្រូវបានជ្រើសអោយមកប្រកួតផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី២៨ មេសា ឆ្នាំ២០២៣ ហើយអ្នកឈ្នះ៤នាក់ចុងក្រោយ ក៏ត្រូវបានក្លាយជាម្ចាស់ជ័យលាភី និង ក្លាយជាតារាកុងត្រារបស់ក្រុមហ៊ុន។ ជ័យលាភីទាំង៤រូប ដែលកើតចេញពីការប្រកួតនេះ រួមមាន លោក ថ្លៃ ឆៃរី, លោក អាត វិសាល, លោក វណ្ណ ឆវិន និង លោក អេង គឹមអាង។
លោក កែ ពេជ្រពិសី នាយកគ្រប់គ្រងក្រុមហ៊ុន Media Pro Entertainment បានលើកឡើងថា ក្រោយពីសម្រាំងបានម្ចាស់ជ័យលាភីទាំង៤រួប ក្រុមហ៊ុននឹងកំណត់អោយអ្នកទាំង៤ក្លាយជាតារាកុងត្រាចំនួន១ឆ្នាំជាជំហានដំបូង ដោយក្រុមហ៊ុននឹងផលិតបទ Original Song ជូនដល់អ្នកទាំង៤ ដើម្បីចូលរួមលើកស្ទួយវិស័យផលិតបទថ្មី។ ក្នុងនោះក្រុមហ៊ុនក៏មានយុទ្ធសាស្ត្រទីផ្សារជាច្រើន ក្នុងការប្រកួតប្រជែងក្នុងវិស័យផលិតចម្រៀងនេះ អោយខ្លាំងផងដែរ ដើម្បីពង្រីកទីផ្សារចម្រៀង។ លោកថាមុនឈានដល់ការប្រលងជ្រើសរើសតារាកុងត្រា ក្រុមហ៊ុនបានបង្កើតនូវធនធានរបស់ខ្លួនរួចហើយ ទាំងអ្នកនិពន្ធបទភ្លេង អ្នកនិពន្ធប៉ារ៉ូលចម្រៀង ស្ទីឌីយោថត និង ធនធានក្នុងការដំណើរ។ ក្រុមហ៊ុនក៏មានជំនឿចិត្តថា នឹងធ្វើអោយជោគជ័យនៅក្នុងវិស័យផលិតចម្រៀងនេះផងដែរ។