នៅទីបំផុត ខ្សែភាពយន្ដខ្នាតធំ រឿង «ថ្នាក់ ១២-ង» ដែលជាការផលិតរួមគ្នាដោយផលិតកម្ម LD និងក្រុមហ៊ុន Dream Team ត្រូវបានដាក់បញ្ចាំងលក់សំបុត្រហើយ ដោយក្រោយពីប្រកាសបើកសម្ពោធ គឺនឹងដំណើរការចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ តទៅ។ តាមរយៈការដាក់បង្ហាញស្នាដៃថ្មីនេះ ទាំងចាងហ្វាងផលិតកម្ម និងអ្នកដឹកនាំរឿង សុទ្ធតែបង្ហាញជំហរថា នឹងនាំខ្សែភាពយន្ដមួយនេះ ទៅចាក់បញ្ចាំងនៅក្រៅប្រទេសបន្ថែមទៀត ព្រោះរឿងនេះត្រូវបានផលិតឡើងជាភាសាអង់គ្លេសលើកដំបូងគេ។
លោក លៀក លីដា ដែលធ្លាប់ទទួលបានពានរង្វាន់អ្នកដឹកនាំឆ្នើម រឿង «នាឡិកាដាស់វិញ្ញាណ» ក្នុងកម្មវិធីមហាស្រពភាពយន្តជាតិលើកទី៦ ប្រចាំឆ្នាំ២០១៩ នោះ បាននិយាយនៅថ្ងៃដាក់សម្ពោធយ៉ាងដូច្នេះថា «យើងមិនមែនចេះតែនិយាយទេ ព្រោះ LD បាននាំចេញខ្លះរួចមកហើយដូចជារឿង នាឡិកាដាស់វិញ្ញាណ ដែលយើងបានចាក់បញ្ចាំងនៅជាង ១០ប្រទេស ហើយខែក្រោយនេះរឿង «នាឡិកាដាស់វិញ្ញាណ» នឹងមាននៅលើ Platform ធំៗរបស់ពិភពលោកដូចជា Ad world TV, Amazon prime, Google play យើងនឹងមាននៅខែក្រោយនេះ បើយើងរៀបចំចុះកុងត្រា»។ អ្វីដែលលោកហ៊ានបង្ហាញជំហរបែបនេះ គឺដោយសារតែស្នាដៃនេះ ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងថ្ងៃដាក់បញ្ចាំងអោយទស្សនាក្នុងថ្ងៃសម្ពោធ ដោយអ្នកទស្សនាច្រើនណាស់ លាន់មាត់សរសើរថា ជារឿងព្រឺព្រួច ភ័យរន្ធត់ និង មានគ្រប់រសជាតិ ដែលទីផ្សារផលិតកុនយល់ថា គឺស៊ីទាំងទីផ្សារក្នុងស្រុក និង ក្រៅស្រុក។
គួរជម្រាបថា នៅក្នុងពិធីសម្ពោធនេះ គេឃើញថា មានភ្ញៀវកិត្តិយសដែលជាអ្នកសិល្បៈល្បីៗជាច្រើនចូលរួម ដើម្បីបអរសាទរការសម្ពោធចាក់បញ្ចាំងរឿងនេះជាផ្លូវការ៕