ក្នុងចំណោមសិល្បករ និង សប្បុរសជនដែលមានស្នាដៃ លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មានផ្ទះតារា ក៏ត្រូវបានអង្គព្រះមហាក្សត្រ ប្រោសប្រទាននូវគ្រឿងឥស្សរិយយសជូនមួយគ្រឿងផងដែរ បន្ទាប់ពីលោកមានស្នាដៃក្នុងការចូលរួមក្នុងសកម្មភាពសង្គមរាប់មិនអស់ ជាពិសេសគឺបានដឹកនាំសិល្បករសិល្បការិនីក្នុងសកម្មភាពផ្សេងៗ។ លោកត្រូវបានប្រគល់ជូននូវគ្រឿងឥស្សរិយយសនោះ កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០២៣ ក្នុងពិធីកាត់ប្សសីម៉ា និង ជាថ្ងៃផ្ដាច់ព្រ័ត្រ នៃពិធីបុណ្យបញ្ចុះសីម៉ា វត្តប្រាសាទស្រះកណ្ដាលខ្ចាស់ ដែលស្ថិតនៅខេត្តបន្ទាយមានជ័យ។

ក្រៅពីលោកសមាសភាពគ្រួសារតារាកម្ពុជា ចំនួន២រូបទៀត ក៏ត្រូវបានអង្គព្រះមហាក្សត្រផ្ដល់ជូននូវគ្រឿងឥស្សរិយយសអោយដូចគ្នាផងដែរ ដោយគ្រាន់តែស្ថិតក្នុងកម្រិតថ្នាក់ខុសៗគ្នា និង បានទទួលក្នុងពិធីតែមួយ។ អ្វីដែលគួរអោយកត់សម្គាល់ គឺសមាជិកគ្រួសារតារាកម្ពុជា ប្រមាណជិត៤០រូប បានទៅចូលរួមអបអរដល់ លោក ផាត់ តារារដ្ឋ ដល់កន្លែងពិធី និង បានរួមគ្នាធ្វើបុណ្យបញ្ចុះសីម៉ា ជាលក្ខណៈក្រុមសិល្បករទាំងម្ដង ដែលធ្វើអោយគេមើលឃើញពីគំរូរបស់អ្នកសិល្បករយ៉ាងខ្លាំង ក្នុងការចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនា។

លោក ផាត់ តារារដ្ឋ ដែលទទួលបានគ្រឿងស្សរិយយសនៅក្នុងថ្ងៃនោះ បានចាត់ទុកថា អ្វីដែលលោកទទួលបាននៅក្នុងថ្ងៃនោះ មិនមែនជាអ្វីដែលមានតែចំណែករបស់លោកតែម្នាក់នោះទេ តែគឺបានពីការសាមគ្គីរបស់ក្រុមសិល្បករទាំងអស់ ដែលតែងតែសស្រាក់សស្រាំ នៅក្នុងសកម្មភាពផ្សេងៗ រហូតធ្វើអោយគេមើលឃើញកាន់តែខ្លាំង ពីការប្រឹងប្រែងរបស់លោក ក្នុងនាមជាស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាអ្នកបង្កើតនូវសកម្មភាពផ្សេងៗ ដែលតែងតែផ្សារភ្ជាប់ជាមួយនឹងសមាជិក ជាអ្នកសិល្បៈគ្រប់គ្នា។ ក្រៅពីការចូលរួមអបអរ ចំពោះលោក និង សិល្បករផ្សេងទៀត ដែលទទួលបានគ្រឿងឥស្សរយសដូចគ្នា នៅក្នុងថ្ងៃនោះ លោកក៏បានដឹកនាំ បងប្អូនអ្នកសិល្បករទាំងអស់ ដែលបានរួមដំណើរ ដើរកម្សាន្តតំបន់សំខាន់ៗ នៅលើទឹកដីខេត្តបន្ទាយមានជ័យ បាត់ដំបង និង ប៉ៃលិន បង្កើតអនុស្សាវរីយ៍ យ៉ាងសប្បាយរីករាយ មុនធ្វើដំណើរមកកាន់ភ្នំពេញវិញផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here