ស្ទើរតែលាន់មាត់ គ្រប់ស្រទាប់មហាជន ជាពិសេសចង្កោមអ្នកសិល្បៈ នៅពេលដឹងថា អតីតពិធីករល្បីឈ្មោះ លោក អ៉ឹង រដ្ឋា ហៅទុយ គឺជាម្ចាស់ក្លិបថ្មីមួយ យីហោ S1 Club ដែលត្រូវគេដឹងថា បានបោះទុនរហូតដល់៥លានដុល្លារ ខណៈដែលដំណឹងនេះ កំពុងធ្វើអោយនាយទុយក្លាយជាសិល្បៈស៊េរីចាស់ ដែលជោគជ័យមិនធម្មតា ក្រោយពេលលោកស្ងាត់ពីការងារសិល្បៈ។ ការទម្លាយចេញនេះ គឺបន្ទាប់ពីលោកទើបតែទទួលបានសញ្ញាប័ត្រអនុបណ្ឌិត និង បន្ទាប់ពីក្នុងអាក់ខោនផ្ទាល់ខ្លួនរបស់លោក ត្រូវបានប្ដូរដាក់ Logo ក្លិប និង មានការទម្លាយពីអ្នកសិល្បៈជាច្រើនថា នាយទុយ គឺជាភាគហ៊ុនមួយក្នុងក្លិប ដែលមានតម្លៃមិនក្រោម៥លានដុល្លារនេះ។

យោងតាមការទម្លាយពីអ្នកសិល្បៈ ដែលបានចូលរួមក្នុងពិធីបើកសម្ពោធកន្លងទៅ បានអះអាងថា S1 Club ដែលជាក្លិបទំនើបមួយនៅក្បែរស្ពានហង្សកោះពេជ្រ គឺពិតជាមាននាយទុយ ជាម្ចាស់ភាគហ៊ុនមួយពិតប្រាកដមែន ខណៈដែលការគ្រប់គ្រងក្នុងក្លិបទាំងមូល គឺលោកជាអ្នកទទួលខុសត្រូវនោះផង។ បុគ្គលិកគ្រប់ផ្នែកសុទ្ធតែហៅលោកថា ថៅកែៗ ស្របពេលដែលអាជីវកម្មធំដុំនេះ កំពុងជួយលើកមុខលើកមាត់នាយទុយយ៉ាងខ្លាំង ក្រោយពេលលោកក៏រយាលពីការងារជាពិធីករ បើទោះជានៅមានឈ្មោះជាបុគ្គលិក CTN។


យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងថា តើក្លិប S1 ដែលត្រូវគេសរសើរថា បានប្រើប្រព័ន្ធភ្លើង និង Sound កម្រិតអន្តរជាតិចុងក្រោយ និង ការសាងសង់ អស់ប្រមាណ៥លានដុល្លារនេះ គឺមានភាគហ៊ុនរបស់លោកប៉ុន្មានភាគរយនោះទេ តែតាមរយៈការបញ្ជាក់ថា លោកជាម្ចាស់ភាគហ៊ុនមួយ គឺទោះជាប៉ុន្មានភាគរយក៏ដោយ ក៏ជាជោគជ័យមិនធម្មតាផងដែរ ដោយសារតែ S1 Club ដែលជាក្លិបលំដាប់អភិជននេះ បោះទុនកប់ពពក និង កំពុងក្លាយជាក្លិបដ៏ពេញនិយម ដែលគេមិននឹកស្មានថា មានភាគហ៊ុនមួយ របស់អតីតពិធីករបាត់មុខរូបនេះ។ មកទល់ពេលនេះ S1 Club របស់លោក បានបើកដំណើរការហើយ តាំងពីដើមខែឧសភា ដោយតារាសិល្បៈច្រើនណាស់ បង្ហាញមុខចេញចូល ខណៈដែលនាយទុយ ក្រោយពីក្លាយជាថៅកែ ក៏នៅតែដាក់ខ្លួន និង ជិតស្និទ្ធជាមួយអ្នកសិល្បៈទាំងនោះយ៉ាងជិតស្និទ្ធិ ធ្វើអោយម្នាក់ៗកោតសរសើរពីសំណាងរបស់លោក។ នាយទុយ ក៏ត្រូវគេអះអាងថា មានគម្រោងពង្រីកសាខាក្លិបនេះបន្ថែមទៀត ដើម្បីពង្រឹងអាជីវកម្មបើកក្លិបនៅពេលបន្តបន្ទាប់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here