ក្នុងចំណោមវិញ្ញាសារទាំងអស់ ដែលបានបើកការប្រកួត ដើម្បីដណ្ដើមមេដាយស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ វិញ្ញាសារកីឡារាំ ទើបតែបានបើកការប្រកួត កាលពីព្រឹកថ្ងៃទី១៦ ឧសភានេះប៉ុណ្ណោះ ដោយក្នុងពិធីបើកការប្រកួតនោះ គឺមានវត្តមានថ្នាក់ដឹកនាំ និង ភ្ញៀវកិត្តិយសជាច្រើនចូលរួម។ ក្នុងនោះសិល្បកររៀមច្បង និង តារាល្បីៗ ក៏បានបង្ហាញវត្តមានជាភ្ញៀវកិត្តិយសផងដែរ។ ដោយឡែកសិល្បកររបស់គ្រួសារតារាកម្ពុជា ត្រូវបានអញ្ជើញអោយចូលរួមរហូតដល់៣០រូប ដោយលោក ផាត់ តារារដ្ឋ ជាស្ថាបនិកក្រុម គឺជាអ្នកដឹកនាំទៅដោយផ្ទាល់។

ក្នុងចំណាប់អារម្មណ៍ ដែលបានចូលរួមនាព្រឹកនោះ លោក ផាត់ តារារដ្ឋ និង សមាជិកគ្រួសារតារាកម្ពុជា បានបង្ហាញការកោតសរសើរយ៉ាងខ្លាំង ចំពោះការរៀបចំរបស់ម្ចាស់ផ្ទះកម្ពុជា ដែលអាចរៀបចំការប្រកួតបានយ៉ាងល្អ ខណៈដែលកីឡាដែលមកពី១០ប្រទេសផ្សេងទៀត នៅអាស៊ាន ក៏បើកការប្រកួតដណ្ដើមមេដាយយ៉ាងស្វិតស្វាញ នៅលើទឹកដៅរបស់កម្ពុជា។

ក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព គេឃើញកីឡាករកីឡាការិនី ដែលចូលរួមប្រកួតទាំងអស់ សុទ្ធតែទទួលបានការគាំទ្រ ខណៈដែលវត្តមានរបស់តារាសិល្បៈ ជាពិសេសគឺវត្តមានសិល្បករគ្រួសារតារាកម្ពុជា គឺជារួមចំណែកក្នុងការផ្សព្វផ្សាយដ៏សំខាន់ ដើម្បីអោយមហាជន ពោលគឺពិភពលោក កាន់តែដឹងពីសក្កានុពលរបស់កម្ពុជា ដែលអាចធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បានជោគជ័យ និង រលូនលើគ្រប់វិញ្ញាសារ រួមមានទាំងវិញ្ញាសារកីឡារាំ ដែលជាវិញ្ញាសារដ៏សំខាន់នេះផង។ សិល្បករគ្រួសារតារាកម្ពុជា ក៏បង្ហាញការកោយសរសើរ ចំពោះលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជាផងដែរ ដែលបានផ្ដល់កិត្តិយស អោយគ្រួសារតារាកម្ពុជា បានដឹកនាំសមាជិករហូតដល់៣០រូប អោយបានទស្សនាដោយផ្ទាល់ និង បានចូលរួមគាំទ្រលើកទឹកចិត្តដល់កីឡាករ។ ការប្រកួតនេះ ក៏មានទាំងគាំទ្រជាតិ និង បរទេសមកគាំទ្រដោយផ្ទាល់យ៉ាងច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here