តារាសម្ដែង និង ជាពិធីករលោក ស៊ិន សុធារិទ្ធ បាននឹងកំពុងរីកមុខរីកមាត់នៅក្នុងវិស័យសិល្បៈ ក៏ដូចជាអាជីពកាងារក្រៅមួយដែលលោកមានតំណែងគួរសមនៅក្នុងក្រុមហ៊ុនផលិតផលថែរក្សាសម្រស់ PPDM Care ដែលកំពុងមាន ឈ្មោះបោះសម្លេងនៅលើទីផ្សាកម្ពុជាបច្ចុប្បន្ន។ អ្វីដែលកាន់តែភ្ញាក់ផ្អើលកាលពីថ្ងៃទី 20 ខែ ឧសភា ឆ្នាំ2023 ថ្មីៗនេះ លោកក៏បានបើកសម្ភោធភោជនីយដ្ឋានលក្ខណៈគ្រួសារធំល្មមមួយមានយីហោរហាង « ស៊ីវិល័យ168» នៅចំកណ្ដាលក្រុងភ្នំពេញម្ដុំផ្សាកណ្ដាល តាមបណ្ដោយផ្លូវលេខ15 ដែលជាទីតាំងដ៏អំណោយផលមួយនៅក្នុងតំបន់នេះហើយក៏ចាយទុនមិនស្ទើរនោះដែរ។

លោក ស៊ិន សុធារិទ្ធ បានបញ្ជាក់ថា នេះគឺជាមុខរបរប្រចាំគ្រួសាររបស់លោក ដែលការបើកភោជនីយដ្ឋានហូបចុកបែបនេះ គឺគ្រួសាររបស់លោកប្រកបរបរនេះមកជាយូរណាស់មកហើយ។ ប៉ុន្តែដោយសារតែមានការផ្លាស់ប្ដូរទីតាំងម្ដងជាពីរដង និង ដោយសារវិបត្តិកូវីដ ទើបធ្វើឱ្យលោក និង គ្រួសារអាក់ខានក្នុងការប្រកបរបរនេះមួយរយៈ។ ទើបតែថ្មីៗនេះកូវីដស្រាកស្រាន្ត ហើយលោកក៏បានសម្លឹងឃើញនូវទីតាំងដ៏ល្អមួយនេះ ទើបលោក និង បងស្រី សម្រេចបើកមុខរបរនេះឡើងវិញជាថ្មីម្ដងទៀត ស្របពេលដែលទីតាំងដែលលោករើស គឺពិតជាសាកសមជាមួយនឹងមុខរបរនេះតែម្ដង ព្រោះក្រៅពីអាចបំពេញតម្រូវការអតិថិជនដែលជាភ្ញៀវជាតិ មុខម្ហូបពិសេសៗនៅក្នុងហាងរបស់លោកក៏អាចនឹងត្រូវមាត់ជាមួយនឹងភ្ញៀវបរទេសដែលនិយមមកកំសាន្តនៅតំបន់វត្តភ្នំ និង មាត់ទន្លេរយើងផងដែរ។

នៅក្នុងថ្ងៃសម្ភោធហាងថ្មី និង ទីតាំងថ្មីនេះផងដែរ លោកក៏បានអញ្ជើញមិត្តសិល្បៈជិតស្និទ្ធ និង អ្នករួមការងារមួយចំនួនតូចតែប៉ុណ្នោះ ដោយហេតុថាមិនចង់រំខានពេលវេលាធ្វើការ។ ស្របពេលដែលត្រឹមតែថ្ងៃបើកសម្ភោធក៏ហាងរបស់លោកទទួលបាននូវការគាំទ្រពីភ្ញៀវដែលមកក់តុហូបអាហារពេញហាងផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here