គ្មានអ្នកណាមិនដឹងនោះទេថា អ្នកម្ដាយរបស់កញ្ញា ឌួង ហ្សូរីដា បានបើកអាជីវកម្មកែច្នៃហូលផាមួងខ្មែរ ចិញ្ចឹមគ្រួសារ និង រកកម្រៃចិញ្ចឹមកូនៗ រហូតបានស្ទួយគ្រួសារអោយមានលទ្ធភាពអោយកូនៗរៀនចប់។ មុខរបរមួយនេះ មិនត្រឹមតែបានបន្តក្នុងនាមជាមុខរបរចិញ្ចឹមគ្រួសារតែម្យ៉ាងនោះទេ តែក៏ក្លាយជាមុខរបរលេចធ្លោតំណាងជាតិ ក្រោយពេល ឌួង ហ្សូរីដា បោះទុនផលិតហូលខ្មែរ ដោយមានឆ្លាក់ជាអក្សរ ដែលធ្វើអោយគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺថ្នាក់ដឹកនាំផ្ទុះការគាំទ្រ។
ទន្ទឹមនឹងការភ័យបារម្ភ រឿងស្ថាបនិកហាងកាត់ដេរដាណាម៉ាកាត់ដេរ បាត់បង់ជីវិត នឹងអាចធ្វើអោយគ្មានអ្នកបន្តវេន តែឌួង ហ្សូរីដា និង ប្អូនស្រី បែរជាធ្វើអោយស្នាដៃដែលអ្នកម្ដាយបន្សល់ទុកមួយនេះ កាន់តែល្បី កាន់តែផ្ទុះការគាំទ្រ ដល់ថ្នាក់លំដាប់ណា ក៏កម្ម៉ង់ ដែលធ្វើអោយអ្នកបន្តវេន ដល់ថ្នាក់កាត់មិនទាន់។ សូម្បីតែអ្នកផលិតហូលផាមួងខ្មែរ ក៏ត្រូវ ឌួង ហ្សូរីដា បញ្ជាក់ថា ត្បាញមិនទាន់ផងដែរ ដែលមិនខុសពីជួយអ្នកតម្បាញខ្មែរ មានប្រាក់ចំណូលទៀងទាត់។ ជាក់ស្ដែងគ្រាន់តែក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅ និង ក្នុងការប្រកួត Miss Grand 2023 ក៏ហាងដាណាម៉ាកាត់ដេរ ប្រទាញបានទីផ្សារលើឈុតហូលខ្មែរ ដល់ថ្នាក់លេចធ្លោនាំមុខគេ លើទីផ្សារលក់ចេញផងដែរ។
ឌួង ហ្សូរីដា និយាយថា ទំនងជាបុណ្យដែលអ្នកម្ដាយបន្សល់អោយ ទើបស្នាដៃរបស់អ្នកម្ដាយ ពីការច្នៃឈុតហូលផាមួងខ្មែរនេះ ផ្ទុះការគាំទ្រមិនធម្មតា ពោលគឺអាចនិយាយបានថា កើបលុយតែម្ដង។ យ៉ាងណាមិញកញ្ញា ក៏នៅតែបន្តដកផលចំណេញ ដើម្បីស្ពុនស័រកម្មវិធី ដើម្បីទុកជាស្នាដៃរម្លឹកដល់អ្នកម្ដាយ ដោយមិនគិតតែរឿងអាជីវកម្មតែមួយមុខនោះដែរ ដើម្បីអោយអ្នកម្ដាយសប្បាយចិត្ត ក៏ដូចជាអោយអ្នកទទួលបានស្ពុនស័រ ចងចាំម្ដាយរបស់ខ្លួន ដែលជាស្ថាបនិកហាងផ្ទាល់។