តាមគម្រោង អ្នកនាង ចាន់ កែវនិមល ពិធីការិនីល្បីឈ្មោនឹងបើកសម្ពោធហាងជាលក្ខណៈគ្រួសារប៉ុណ្ណោះ តែខុសពីការលើកឡើងថ្ងៃបើកបង្ហាញហាងក្រចក Nimol Nail Salon របស់អ្នកនាង កាលពីព្រឹកថ្ងៃទី៥ មិថុនា ២០២៣ គឺថាអោយសុទ្ធតែតារាល្បីៗបង្ហាញខ្លួន។
ភ្ញៀវកិត្តិយស និង សិល្បករសិល្បការិនីភាគ បានទាំងបង្ហាញការសរសើរចំពោះអាជីវកម្មរបស់អ្នកនាងនោះផង ដោយសារតែអ្នកនាងបោះទុនបើកអាជីវកម្មត្រូវនឹងអាជីពជាអ្នកសិល្បៈ ខណៈដែលក្រចកគឺជាចំណូលចិត្តមួយរបស់តារាស្រីភាគច្រើន ក្នុងការប្ដូរម៉ូដ។ អ្នកនាង ចាន់ កែវនិមល និយាយថា ហាងក្រចកដែលសម្រេចបើកនេះ គឺដោយសារតែបងស្រីអ្នកនាង បានបើកមុខរបរមួយនេះ នៅលើទឹកដីអាមេរិកជាយូរមកហើយ ហើយដោយសារតែអ្នកនាងក៏មានផ្ទះផ្ទាល់ខ្លួន ចំកន្លែងអាជីវកម្ម ហើយយល់ថានារីសព្វថ្ងៃចូលចិត្តធ្វើខ្លួនផង ទើបរួមគ្នាពីរនាក់បងស្រី បោះទុនលើមុខរបរមួយនេះ។
អ្នកនាងបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលក្នុងថ្ងៃបើកសម្ពោធហាងនោះ គឺថាតារាល្បីៗចូលរួមភាគច្រើន ដោយអ្នកនាងមិននឹកស្មានថា ពិធីដែលគ្រោងធ្វើត្រឹមតែជាលក្ខណៈគ្រួសារ តែមានអ្នករាប់អានមកច្រើនម្លឹងៗ។ អ្នកនាងក៏គម្រោងនឹងបើកសាខាថ្មីៗ ក្នុងពេលបន្ទាប់ផងដែរ ដើម្បីពង្រីកទីផ្សារហាងក្រចក Nimol Nail Salon អោយកាន់តែខ្លាំង៕