ក្នុងជំនួបកាលពីថ្ងៃទី៦ មិថុនា ឆ្នាំ២០២៣ លោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ភឿង សកុណា បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំង របស់សមាគមអភិរក្សដំរីអៃរាវត្តា របស់លោកស្រី ចិន្តា ខៃ-ក្លេ បន្ទាប់ពីសមាគមនេះបានចំណាយធនធាន និង កម្លាំងកាយចិត្តក្នុងការមើលថែដំរី៤ក្បាលអោយក្លាយជាដំរីស្រុក។ លោកជំទាវរដ្ឋមន្ត្រីថា ការអភិរក្សសត្វដំរី ស្មើនឹងថែរក្សាវប្បធម៌ប្ត៊រពៃណី ដោយសារតែដំរីរមែងផ្សារភ្ជាប់នឹងសកម្មភាពរបស់មនុស្ស ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយវប្បធម៌របស់មនុស្ស។

ក្នុងនោះដំរីក៏ជាសត្វដែលមានមនោសញ្ចេតនា ដែលគួរតែរួមគ្នាអភិរក្ស និង ការពារផងដែរ។ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងជំនួបដោយផ្ទាល់ កាលពីថ្ងៃទី៦ មិថុនា នៅទីស្ដីការក្រសួង បន្ទាប់ពីថ្នាក់ដឹកនាំសមាគមអភិរក្សដំរីអៃរាវត្តា និង BA ចំនួន៤រូបរួមមាន អ្នកនាង ស្វែង សុជាតា តារាសម្ដែង. កញ្ញា ឌួង ហ្សូរីដា ពិធីការិនី. អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង និង លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានចូលសម្ដែងការគួរសម នៅទីស្ដីការក្រសួង។

ក្នុងជំនួបនោះ លោកជំទាវរដ្ឋមន្ត្រីបានផ្ដល់ជាអនុសាសន៍ជាច្រើនជួយស្ថាបនាដល់ក្រុមសមាគម ដោយបានសំណូមពរអោយសមាគមពន្យាពេលធ្វើកម្មវិធីរៃអង្គាសសប្បុរសធម៌ ដើម្បីកុំអោយជាន់គ្នានឹងពេលវេលាឃោសនាបោះឆ្នោតដើម្បីអោយមានអ្នកចូលរួមច្រើន តែលោកជំទាវក៏បានកើតសរសើរចំពោះលោកស្រី ចិន្តា ក្លេ-ខៃ ដែលជាប្រធានសមាគម ដោយចាត់លោកស្រីថាជាស្ត្រីដែលមានការពុះពារខ្ពស់ ដើម្បីដំរីខ្មែរ។ លោកជំទាវថា ក្រសួងក៏នឹងគាំទ្រនូវរាល់សកម្មភាពសំខាន់ៗរបស់លោកស្រី ចិន្តា និង ក្រុមការងារ ដើម្បីអោយកាន់តែជោគជ័យ និង មានជំហានឈានឆ្ពោះទៅមុខ ជាប្រយោជន៍ដល់ដំរីខ្មែរ ដែលសមាគមអៃរាវត្តា កំពុងអភិរក្សនៅខេត្តរតនៈគីរីផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here