ក្នុងដំណើរចាកចេញពីស្រុកកំណើតកាលពីថ្ងៃ៦ មិថុនា ឆ្នាំ២០២៣ តារាសម្ដែង យាយប៉េងប៉ោះ ស្ទើរតែទប់ទឹកភ្នែកមិនបាន ខណៈដែលកូនប្រុសទី៣របស់លោកស្រី គឺលោក នាង សីលសិលា ដោយលោកស្រីបង្ហើបថា ខ្លោចចិត្តអាណិតកូនប្រុសយ៉ាងខ្លាំង ដោយសារកូនប្រុសសុខចិត្តឈប់រៀនត្រឹមថ្នាក់ទី១១ ហើយចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីរកលុយជួយលោកស្រីជាម្ដាយ។
លោកស្រីថា មួយរយៈដែលលោកស្រីជួបវិបត្តិសេដ្ឋកិច្ច កូនៗទាំងអស់របស់លោកស្រី សុទ្ធតែជួយជំនួសដៃជើង ដោយកូនកំលោះដែលចេញទៅកូរ៉េនេះ រមែងស្វះស្វែងរកការងារធ្វើដើម្បីជួយខ្លួនឯង និង ជួយសងបំណុលលោកស្រី នៅពេលឃើញលោកស្រីស្មុគស្មាញ។ លោកស្រីថា អ្វីដែលលោកស្រីរញ្ជួលចិត្តខ្លាំង គឺកូនប្រុសរូបនេះ បានសុំលោកស្រីឈប់រៀនត្រឹមថ្នាក់ទី១១ ដើម្បីទៅប្រលងចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េ។ យ៉ាងណាមិញ លោកស្រីថាទឹកភ្នែកដែលចង់ហូរស្រក់នេះ គឺរំភើបនឹងក្ដីសុបិន្តរបស់កូនប្រុស ដែលអាចសម្រេចបំណងចេញទៅធ្វើការនៅកូរ៉េ ដើម្បីអាចជួយរកលុយជួយដល់លោកស្រីក្នុងពេលខាងមុខ។
លោកស្រីថា កូនប្រុសម្នាក់នេះ គឺល្អលើសពីល្អ ពោលគឺក្នយងពេលលោកស្រីចំណាយខ្ពស់ ពេលស្វាមីក្រោយមានគ្រោះថ្នាក់ចរាចរណ៍ ក៏កូនប្រុសរូបនេះ ខ្នះខ្នែងខ្លាំង ហើយកាន់តែធ្វើលោកស្រីរំភើប នៅពេលឃើញថាឆន្ទៈកូនប្រុសសុខចិត្តជួយម្ដាយ ដោយចេញទៅផ្សងព្រេងនៅក្រៅប្រទេស ដើម្បីរកលុយ។ លោកស្រីថាមានតែការជូនពរកូនប្រុសតែប៉ុណ្ណោះ ហើយក៏ខលសួរសុខទុក្ខជាប្រចាំផងដែរ ចាប់តាំងពីកូនប្រុសទៅដល់កូរ៉េ។