កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពរលដែលកម្ពុជាបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបវរកញ្ញាកម្រិតអន្តរជាតិថ្មីមួយ ដែលមានឈ្មោះថា Miss Teen Grand International ដែលជាកម្មវិធីប្រកួតសម្រស់ថ្មីសន្លាង ដែលមានជនជាតិឥណ្ឌា និង វៀតណាម សហការគ្នាបង្កើតឡើង។ អ្វីដែលជាមោទនភាពនោះ គឺកម្មវិធីនេះ បានប្រគល់សិទ្ធិអោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយនឹងមានបេក្ខនារីមកពីប្រទេសនៅអាស៊ី និង បណ្ដាទ្វីបផ្សេងៗរហូតដល់ ជាង២០ប្រទេសនឹងមកដណ្ដើមមកុដគ្នា។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស គឺជាអ្នកទទួលសិទ្ធិក្នុងការរៀបចំព្រឹរការណ៍អន្តរជាតិមួយនេះ ដោយលោកបញ្ជាក់ថា ការរៀវចំដែលក្រុមហ៊ុនរបស់លោកនឹងរៀបចំនេះ មិនមែនជាការប្រកួតសម្រស់ជាលក្ខណៈក្នុងស្រុកដូចមុនទៀតទេ តែជាការប្រកួតកម្រិតអន្តរជាតិ ដោយមានសុទ្ធតែបេក្ខនារីមកពីប្រទេសនានាចូលរួមប្រកួតប្រជែងតែម្ដង។ លោកថា កម្មវិធីនេះ តំណាងកម្ពុជា បានសម្រេចជ្រើសយក កញ្ញា No Farida ជាបេក្ខនារីតំណាងកម្ពុជា ដោយការប្រកួតផ្ដាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ មិថុនា ឆ្នាំ២០២៣នេះ នៅផ្សារទំនើប AEON Mall Sen Sok City ដោយមានការផ្សាយផ្ទាល់ ចាប់ពីម៉ោង៧ល្ងាច ដល់ម៉ោង១០យប់។ លោក អ៊ិន សុភិន បញ្ជាក់ថា ក្រោយបញ្ចប់ការប្រកួតកម្រិតអន្តរជាតិនេះ លោកនឹងត្រៀមរៀបចំការប្រកួត Miss Teen Grand Cambodia រៀងរាល់មួយឆ្នាំម្ដង អោយបានកក្រើកដូចគ្នា នឹងកម្មវិធីបវរកញ្ញាផ្សេងៗ ហើយបើទោះជានេះ គឺជាកម្មវិធីថ្មី តែលោករំពឹងថា នឹងទទួលបានការគាំទ្រខ្ពស់ ដោយសារតែវិស័យបវរកញ្ញានាពេលបច្ចុប្បន្នមានការគាំទ្រខ្លាំង នៅកម្ពុជា។

កម្មវិធីនេះ លោកថា មិនផ្ដោតតែលើសម្រស់មួយមុខទេ តែក៏ផ្ដោតលើភាសា និង ចំណេះដឹងទូទៅអោយបានខ្ពស់ផងដែរ ទើបលោកសម្រេចជ្រើសយក បេក្ខនារី No Farida អោយក្លាយជាបេក្ខនារីតំណាងប្រទេស ដោយផ្អែកថានាងគឺជាបេក្ខនារីដែលមានសមត្ថភាពទាំងនេះ ដែលកម្មវិធីចង់បាន។ លោកក៏កំពុងប្រឹងប្រែងបង្វឹកបេក្ខនារីកម្ពុជា អោយកាន់តែមានសមត្ថភាពផងដែរ ដើម្បីអោយទទួលឱកាសក្នុងការគ្រងមកុដ ក្នុងពេលដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះអន្តរជាតិ ជាលើកដំបូងនេះ។ លោកថាការប្រកួតនេះ ក៏នឹងបង្ហាញថាវិស័យបវរកញ្ញាកម្ពុជា កាន់តែរីកចំរើន និង អាចធ្វើអោយបណ្ដាប្រទេសច្រើនឡើងចាប់អារម្មណ៍ពីកម្ពុជា ជាពិសេសលើវិស័យទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here