នារាត្រីថ្ងៃទី 20 ខែ មិថុនា ឆ្នាំ2023 មុននេះ ភាពយន្តខ្មែរខ្នាតធំបែបរន្ធត់រឿង « សាកសព7ថ្ងៃ » របស់ផលិតកម្ម LD បានដាក់សម្ភោធឱ្យចាក់បញ្ចាំងនៅតាមរោងភាពយន្តជាផ្លូវការ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណរោងកុន Legend Cinema by Ize ក្នុងផ្សាទំនើបជីបម៉ុង មេហ្គាម៉ល271។
ចាត់ទុកថានេះជាភាពជោគជ័យជាបន្តបន្ទាប់របស់ផលិតកម្ម LD នៅក្នុងការផលិតរឿងបែបរន្ធត់ព្រឺព្រួច ក៏ដូចជាភាពយន្តបែបកំប្លែងៗ ជាក់ស្ដែងដូចជារឿង « សាកសព7ថ្ងៃ » ដែលជាស្នាដៃនិពន្ធរបស់ផលិតករលោក នួន ម៉ូលីន នេះក៏ខាងផលិតកម្ម និង ក្រុមការងារបានសម្រិតសម្រាំងធ្វើឡើងជាសាច់រឿងបែបអបិយជំនឿ អាថ៌កំបាំង ព្រឺព្រួចជក់ចិត្ត មិនខុសពីសាច់រឿងដែលជាស្នាដៃមុនៗនោះឡើយ។ ហើយរយៈពេលនៃការថតគឺមិនក្រោម6ខែនោះឡើយ ដោយអ្នកដឹកនាំលោក ឌៀប សិលា បានបញ្ជាក់នៅក្នុងថ្ងៃ Pre- Screening ផងដែរថា ត្បិតការថតពីមួយឈុតទៅមួយឈុតមិនសូវចំណាយពេលថតយូរក៏ពិតមែន ប៉ុន្តែខាងផលិតកម្មគឺបានផ្ដោតសំខាន់ចំពោះប្លង់នៃកាមេរ៉ា មិនថាការវ៉ៃភ្លើង ការរៀបចំដេគ័រប្លង់ ក៏ដូចជាជ្រើសរើសទីតាំងឱ្យសាកសមជាមួយនឹងសាច់រឿង។
ដើម្បីឱ្យជ្រាបកាន់តែច្បាស់ថា សាច់រឿងទាំងមូលមានភាពទាក់ទាញ រន្ធត់ មានបង្កប់នូវខ្លឹមសារអប់រំ ក៏ដូចជាភាពអាថ៌កំបាំងកម្រិតណា ប្រិយមិត្តអ្នកទាំងអស់អាចទៅទស្សនាផ្ទាល់ដោយរឿង « សាកសព7ថ្ងៃ » នេះផងដែរ នឹងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2023 នេះតទៅ។