ក្នុងពិធីស្វាគមន៍យ៉ាងកក់ក្ដៅ កាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២៣ គណអភិបាលខេត្តរតនគីរី ឯកឧត្តម ញ៉ែម សំអឿន បានកោតសរសើរយ៉ាងខ្លាំង ចំពោះសមត្ថភាពឆ្លាតវ៉ៃរបស់ជនមានពិការភាព បន្ទាប់ពីលោកជំទាវ ញ៉ែម មរកត ដែលជាអ្នកដឹកនាំបងប្អូនជនពិការ រៀបរាប់ពីសមត្ថភាពរបស់បងប្អូនជនពិការ។ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំខេត្តទាំងមូល សូមកោតសរសើរចំពោះ លោកជំទាវ ដែលបានតស៊ូដឹកនាំបងប្អូនជនពិការ និងបានកោតសរសើរ ដែលបងប្អូនជាជនមានពិការភាព មានសមត្ថភាពអាចដណ្ដើមបានមេដាយប៉ារ៉ាហ្គេមកន្លងទៅ និង មានសមត្ថភាព អាចក្លាយជាកីឡាករ កីឡាការិនី ជាតារាចម្រៀង ជាតន្ត្រីករ និង ជាអ្នកម៉ាស្សា ដែលធ្វើអោយជនពិការ កាន់តែមានតម្លៃ កាន់តែមានកិត្តិយស។

លោកជំទាវ ញ៉ែម មរកត ប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ ជាប្រធានសហព័ន្ធកីឡារាំ និង ជាអនុរដ្ឋលេខាក្រសួងកិច្ចការនារី ដែលជាដឹកនាំបងប្អូនជនពិការ ទៅធ្វើដំណើរទស្សនកិច្ច បានថ្លែងអំណរគុណ ចំពោះការស្វាគមន៍ របស់គណអភិបាលខេត្តរតនគិរី ក៏ដូចជាបណ្ដាខេត្តផ្សេងទៀត ដែលបានទទួលរាក់ទាក់ចំពោះប្អូនៗជនពិការ។ លោកជំទាវថា បងប្អូនជនពិការនៅក្នុងសមាគមទាំងអស់ សុទ្ធសឹងតែមានជំនាញ និង មានទេពកោសល្យរៀងៗខ្លួន បើទោះជាពួកគាត់ ពិការភ្នែក និង ពិការសិរីរាង្គផ្សេងៗ។ លោកជំទាវប្រកាសថា ក៏នឹងបន្តដឹកនាំប្អូនៗជាជនពិការ អោយកាន់តែមានតម្លៃជាបន្តផងដែរ បន្ទាប់ពីលោកជំទាវបានតស៊ូក្នុងសកម្មភាពនេះ អស់រយៈពេលជាង១០ឆ្នាំមកហើយ។

នៅក្នុងសកម្មភាពនោះ ឯកឧត្តមអភិបាលខេត្តរតនគីរី និង ថ្នាក់ដឹកនាំខេត្ត ក៏បានបង្ហាញគាំទ្រជនមានពិការភាព និង បានបំពាក់កន្សែងតំណាងខេត្ត ជូនក្រុមការងារលោកជំទាវ ញ៉ែម មរកត និង បានបរិច្ចាគថវិកាមួយចំនួន ជូនដល់សមាគមជនពិការផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here