តាំងពីថ្ងៃទី១៩ មិថុនា មកទល់នឹងថ្ងៃនេះ សិល្បករ៥រូប ក្រោមការដឹកនាំដោយ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ លោកជំទាវ ញ៉ែម មរកត និង គណប្រតិភូ។ នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់សិល្បករទាំង៥រូប ដែលជាសិល្បករមកពីគ្រួសារតារាកម្ពុជា បន្ទាប់ពីអ្នកទាំង៥ ត្រូវបានតែងតាំងជាទូតសុឆន្ទៈ ក្នុងសមាគមអភិរក្សដំរីអៃរាវត្តា ដើម្បីចូលរួមផ្សព្វផ្សាយពីការអភិរក្សដំរី នៅខេត្តរតនគីរី។

ដំណើរទស្សនកិច្ចនេះ គឺជាការរួមដំណើរជាមួយសមាគមតន្ត្រីសំនៀង ជនពិការ ក្រោមការអញ្ជើញរបស់លោកជំទាវ ញ៉ែម មរកត និង ប្រធានសមាគមអភិរក្សដំរីអៃរ៉ាវត្តា លោកស្រី ចិន្តា ក្លេ-ខៃ ដើម្បីជាការគាំទ្រសកម្មភាពសង្គមរបស់បងប្អូនជនពិការនៅក្នុងសមាគម។ ដំណើរទស្សនកិច្ចនេះ បានធ្វើចំនួន៥ខេត្ត រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី  ខេត្តកំពង់ចាម  និង ត្បូងឃ្មុំ ដោយដំណើរទស្សនកិច្ចនេះ ក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំខេត្តមួយចំនួន ដូចជា ថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ទទួលស្វាគមន៍ដោយ ឯកឧត្តមញ៉ែម សារី គណអភិបាលខេត្តស្ដីទី  និង នៅខេត្តរតនគីរី ស្វាគមន៍ដោយ ឯកឧត្តម ញ៉ែម សំអឿន គណអភបាលខេត្ត។

សិល្បករទាំង៥រូប ដែលបានបំពេញទស្សនកិច្ចក្នុងដំណើរទៅកាន់ភាគឦសាន្តនោះរួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា , អ្នកនាង ស្វែង សុជាតា តារាសម្ដែង, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង, លោក រុន ណាកូ ពិធីករ និង លោកស្រី រីយ៉ាត្រាណេ សមាជិកគ្រួសារតារាកម្ពុជា។ ក្រៅពីចូលសម្ដែងការគួរសម ក្រោមការដឹកនាំរបស់លោកជំទាវ ញ៉ែម មរកត សិល្បករ និង បងប្អូនជនពិការ ក៏បានដើរទស្សនាតំបន់សំខាន់ៗមួយចំនួន នៅក្នុងខេត្តទាំង៥នោះផងដែរ។


លោក ផាត់ តារារដ្ឋ ថ្លែងថា វត្តមានសិល្បករនៅក្នុងដំណើរទស្សនកិច្ចនេះ បានផ្ដល់នូវគុណប្រយោជន៍យ៉ាងខ្លាំង ដើម្បីអោយសិល្បករបានដឹងពីសុខទុក្ខ និង សកម្មភាពរបស់ជនពិការ ក្រោមការដឹកនាំរបស់លោកជំទាវ ញ៉ែម មរកត និង សកម្មភាពរបស់ សមាគមដំរី នៅខេត្តរតនគីរី។ លោកក៏ប្រកាន់ជំហរចូលរួមគាំទ្រនូវរាល់ សកម្មភាពរបស់បងប្អូនជនពិការ និង ដំរី នៅសមាគអៃរាវត្តា ដើម្បីបន្តផ្សព្វផ្សាយ ជាប្រយោជន៍ដល់សមាគមទាំង២ផងដែរ។


LEAVE A REPLY

Please enter your comment!
Please enter your name here