កាលពីថ្ងៃទី២៣ មិថុនា ឆ្នាំ២០២៣ សិល្បករមកពីគ្រួសារតារាកម្ពុជាចំនួន៥រូប បានបញ្ចប់ដំណើរទស្សនកិច្ចយ៉ាងជោគជ័យ នៅខេត្តភាគឦសាន្ត ដោយដំណើរទស្សនកិច្ចនេះ បានធ្វើឡើងរហូតដល់៥ខេត្ត និង តាំងពីថ្ងៃទី១៩ មិថុនា។ សិល្បកររបស់គ្រួសារតារាកម្ពុជាទាំង៥រូបនោះ គឺសុទ្ធតែជាទូតសុឆន្ទៈរបស់ សមាគមអភិរក្សដំរីអៃរាវត្តា នឹងត្រូវបានអញ្ជើញអោយធ្វើទស្សនកិច្ចជាលើកដំបូង ទៅកាន់កន្លែងចិញ្ចឹមដំរី នៅខេត្តរតនគីរី និង បានរួមដំណើរជាមួយសមាគមតន្ត្រីសំនៀងជនពិការ ក្រោមការដឹកនាំរបស់លោក ជំទាវ ញ៉ែម មរកត ជាអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និង ជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ។
ក្នុងដំណើរទស្សនកិច្ចនោះ ក្រៅពីទៅផ្សព្វផ្សាយសត្វដំរី លោកជំទាវ ញ៉ែម មរកត ក៏បានដឹកនាំតារាសិល្បៈទាំង៥រូប អោយចូលទស្សនកិច្ចនូវបណ្ដាខេត្តសំខាន់ៗ ដូចជាខេត្តក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរី និង ខេត្តត្បូងឃ្មុំ។ ក្នុងនោះ ថ្នាក់ដឹកនាំខេត្តចំនួន២ គឺខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ ឯកឧត្តម ញ៉ែម សារី ជាគណអភិបាលខេត្តស្ដីទី និង ខេត្តរតនគីរី ដឹកនាំដោយ ឯកឧត្តម ញ៉ែម សំអឿន ជាគណអភិបាលខេត្ត ក៏បានស្វាគមន៍យ៉ាងកក់ក្ដៅ ដល់ក្រុមការងារ លោកជំទាវ ញ៉ែម មរកត និង ក្រុមសិល្បកររបស់គ្រួសារតារាកម្ពុជា ដែលអមដំណើរផងដែរ។ ដោយឡែកនៅថ្ងៃចុងក្រោយ លោកជំទាវ ញ៉ែម មរកត ក៏បានដឹកនាំសិល្បករចំនួន៤រូប ក្រោយពីអ្នកនាង ស្វែង សុជាតា បានត្រលប់ទៅមុន និង បងប្អូនជាជនពិការទៅបំពេញទស្សនកិច្ចនៅក្នុងចម្ការធុរេន តាកាំង ស្ថិតនៅខេត្តត្បូងឃ្មុំ ដោយក្រុមសិល្បករ និង ជនពិការទាំងអស់ ក៏ត្រូវបាន ទទួលស្វាគមន៍ដោយធុរេនប៊ុហ្វេ ញាំម្នាក់មួយចំអែតយ៉ាងសប្បាយរីករាយនៅក្នុងចម្ការផងដែរ។
នេះជាដំណើរការទស្សនកិច្ចរយៈពេលច្រើនថ្ងៃនៅខេត្តភាគឦសាន្ត ហើយក៏ជាសកម្មភាពចូលរួមផ្សព្វផ្សាយ សកម្មភាពសត្វដំរី និង សកម្មភាពរបស់បងប្អូនជាជនមានពិការភាព នៅក្នុងសមាគមតន្ត្រីសំនៀងជនពិការ របស់សិល្បករសិល្បការិនីទាំង៥រូបផងដែរ ខណៈដែលលោកជំទាវ ញ៉ែម មរកត បានចាត់ទុកថា វត្តមានរបស់តារាសិល្បៈក្នុងដំណើរទស្សនកិច្ចមួយនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយបំផុស ផ្សព្វផ្សាយ និង លើកទឹកចិត្ត ដល់សកម្មភាពរបស់ជនពិការ ដែលស្ថិតនៅក្នុងសមាគម និងស្ថិតក្រោមការដឹកនាំរបស់លោកជំទាវ ដែលមិនអាចខ្វះបាន សម្រាប់ការចូលរួមរបស់តារាសិល្បៈ។ សម្រាប់វត្តមាន របស់ តារាសិល្បៈពីគ្រួសារតារាកម្ពុជា ដែលបានរួមដំណើរជាមួយលោកជំទាវ ញ៉ែម មរកត ក្នុងដំណើរទស្សនកិច្ចច្រើនថ្ងៃនោះរួមមាន លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកនាង ស្វែង សុជាតា តារាសម្ដែង, អ្នកស្រី រ៉េតរ៉ូស តារាសម្ដែង, លោក រុន ណាកូ ពិធីករផ្ទះតារា, និង លោកជំទាវ រីយ៉ាត្រាណេ ដែលជាសមាជិកគ្រួសារតារាកម្ពុជា។ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនេះ លោក ផាត់ តារារដ្ឋ ដែលជាអ្នកដឹកនាំសិល្បករសិល្បការិនី អោយចូលរួម ក៏បានបង្ហាញជំហរថា នឹងបន្តដឹកនាំតារាសិល្បៈជាសមាជិក អោយចូលរួមក្នុងសកម្មភាពផ្សេងៗរបស់សមាគមជនពិការនេះ បន្តបន្ទាប់ផងដែរ ដើម្បីរួមគ្នាអោយមានការលុបបំបាត់ការរើសអើងជនពិការ និង ជួយផ្សព្វផ្សាយនូវរាល់សកម្មភាពរបស់សមាគមតន្ត្រីសំនៀងជនពិការក្នុងពេលខាងមុខៗ។