ការប្រកួតដណ្ដើមពាន និង មេដាយផ្នែកតន្ត្រី ដែលមានឈ្មោះថា Asian Pacific Festival ជាលក្ខណៈអន្តរជាតិមួយដ៏ធំនៅក្នុងប្រទេសថៃ កំពុងធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែគេឃើញការប្រកួតដែលមានបេក្ខភាពមកពី៨ប្រទេសចូលរួមមួយនោះ ក៏មានវត្តមាន លោក សូ ស្រណោះ ដែលជាបណ្ឌិតព្យាណូ និង ជាគ្រូបង្ហាត់តន្ត្រីដ៏ល្បីរបស់កម្ពុជា ជាគណកម្មការផងដែរ។
លោកត្រូវគេឃើញ គណកម្មការអន្តរជាតិ អោយតំណែងជាគ្រូបង្វឹក និង ជាអ្នកផ្ដល់ពិន្ទុ ខណៈដែលការប្រកួតនោះ គឺមានសុទ្ធតែបេក្ខជនបរទេសទាំងអស់ ដោយមិនមែនត្រូវគេផ្ដល់ឱកាសអោយដាក់ពិន្ទុ ព្រោះតែបានដឹកនាំកូនសិស្សទៅប្រកួតនោះទេ។ លោក សូ ស្រណោះ បានឆ្លើយប្រាប់ចំពោះការចាប់អារម្មណ៍នេះថា លោកមិនបានដឹកនាំកូនសិស្ស អោយទៅប្រកួត នៅក្នុងការប្រកួតនោះទេ ដោយសារតែកូនសិស្សឆ្នើមៗរបស់លោក កំពុងត្រៀមខ្លួនទៅប្រកួតនៅអាមេរិក ដែលជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំប្រចាំឆ្នាំ។
លោកថា លោកត្រូវបានគណកម្មការ Asian Pacific Festival អញ្ជើញអោយទៅធ្វើគណកម្មការផ្ដល់ពិន្ទុ និង អោយបង្វឹកបេក្ខជនប្រកួត។ លោកក៏មានមោទនភាពផងដែរ ដែលត្រូវបានគេអញ្ជើញ អោយតំណាងកម្ពុជា ដើម្បីដាក់ពិន្ទុអោយបេក្ខជនបរទេសប្រកួតគ្នា និង អោយបង្វឹកបេក្ខជនបរទេស ដែលលោកចាត់ទុកថា គឺជាមុខមាត់មួយរបស់កម្ពុជា។