អាចរាប់ថា កាន់តែជោគជ័យពីមួយជំហានទៅមួយជំហាន ដែល អតីតពិធីករល្បីល្បាញ លោក អុឹង រដ្ឋា ហៅទុយ អាចបើកសម្ពោធក្លិបកម្សាន្តមួយកន្លែងថ្មីទៀត បន្ទាប់ពីលោកទើបតែត្រូវគេដឹងថា បានក្លាយជាម្ចាស់ក្លិបឈ្មោះ S1 ដែលបោះទុនដល់ទៅរង្វង់៥លានដុល្លារ នៅក្បែរកោះពេជ្រ។ អ្នកកៀកកិតនឹងលោកច្រើនណាស់ សរសើរថា លោកកំពុងជោគជ័យ ខណៈដែលតារាសិល្បៈរូបនេះ ក៏អាចធ្វើអោយក្លិប S1 នៅក្បែរស្ពានហង្សកោះពេជ្រ ក្លាយជាក្លិបកម្សាន្តដ៏ពេញនិយម ដែលជំរុញអោយដៃគូភាគហ៊ុនទាំងអស់ បន្តចាប់ដៃ ហើយធ្វើអោយលោកអាចក្លាយជាម្ចាស់ក្លិបមួយទៀត គឺក្លិប M1។
ក្លឹបកម្សាន្តថ្មីនេះ នាយទុយ បានបើកសម្ពោធយ៉ាងអធឹកអធម កាលពីថ្ងៃទី១ កក្កដា ហើយបើគ្មានការបង្ហោះរូបពីពិធីបើកសម្ពោធនោះទេ ក៏ប្រហែលជាគ្មានអ្នកដឹងនោះដែរ ថា នាយទុយ គឺជាម្ចាស់មួយចំណែក ដែលមាននាទីគ្រប់គ្រង និង មើលខុសត្រូវ លើក្លិបនេះទាំងមូល។ តារាសិល្បៈ ដែលបានដឹងពីរឿងមួយនេះ បានលាន់មាត់សរសើរ ថា នាយទុយ ដ្បិតថា ស្ងប់ស្ងាត់ពីសិល្បៈ តែលោកកំពុងកាក់កបយ៉ាងខ្លាំង ក្នុងជំនាញបង្កើតកឹលិប និង គ្រប់គ្រងក្លិបកម្សាន្ត ដែលការងារមួយនេះ កំពុងធ្វើអោយលោកក្លាយជាអ្នកសិល្បៈដែលមានឱកាសក្ដាប់លុយរាប់ម៉ឺន និង ក្លាយជាអ្នកដែលមានជំនួញធំដុំក្នុងដៃ។
ក្លឹបកម្សាន្តមួយនេះ ក៏មានន័យថា នាយទុយមានជំនួញបើកក្លិបដល់ទៅ២កន្លែងហើយក្នុងដៃ ខណៈដែលក្លិប S1 របស់លោក ត្រូវគេដឹងថា មានតម្លៃជាង៥លានដុល្លារ ហើយក្លិបថ្មីដែលទើបដំណើរការនេះ ក៏មានតម្លៃប្រហែលៗនឹងខ្ទង់លានដុល្លារដែរ ដោយសារតែរៀបចំប្រព័ន្ធភ្លើង ភ្លេង ឡើងញាក់ មិនចាញ់ក្លិប S1 ដែលជាលំដាប់ក្លិបហាយសូរ។
នាយទុយ បានបង្ហោះនៅលើបណ្ដាញសង្គមថា ដើម្បីអបអរវត្តមានក្លិបថ្មី នៅក្បែរវត្តនាគវ័ន្តនេះ លោកនឹងមានបញ្ចុះតម្លៃរហូតដល់៥០ភាគរយ ដោយមិនកំណត់កាលបរិច្ឆេទ ហើយលោកក៏ប្រកាសថា នឹងអញ្ជើញតារាចម្រៀងល្បីៗ អោយទៅច្រៀងរាំ ដើម្បីទាក់ទាញ នៅថ្ងៃចុងសប្ដាហ៍ និង ថ្ងៃពិសេសផងដែរ ទើបកាន់តែធ្វើអោយគេមើលឃើញថា នាយទុយ គឺពិតជាមានយុទ្ធសាស្ត្រគ្រប់គ្រងក្លិបបានខ្លាំង ដែលធ្វើអោយក្លិបដែលលោកបង្កើត និង កាន់កាប់នីមួយៗ ទទួលបានភាពរីកចំរើន។ តាមគម្រោងលោក ក៏គ្រោងបង្កើតសាខាបន្តបន្ទាប់ផងដែរ បន្ទាប់ពីក្លិប M1 នឹងមានលំនឹងជោគជ័យ ដូចគ្នានឹងក្លិប S1។