នៅទីបំផុត កុមារាកុមារីជាកូនខ្មែរ រហូតដល់១៣រូប ត្រូវបានទទួលសិទ្ធិចេញទៅប្រកួត នៅសហរដ្ឋអាមេរិក ដោយការប្រកួតតន្ត្រីលំដាប់ពិភពលោកមួយនេះ លោក សូ ស្រណោះ ដែលជាគ្រូបង្វឹក បង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលកម្ពុជា អាចបញ្ជូនតំណាងជាតិ អោយទៅប្រកួត។
បណ្ឌិតព្យាណូ លោក សូ ស្រណោះ បានលើកឡើងថា ក្រោយពីទទួលបានសិទ្ធិក្នុងការបញ្ជូនកូនខ្មែរ អោយចេញទៅប្រកួតនៅអាមេរិក លោក ក៏បានប្រកួតជ្រើសរើស និង មានការប្រកួតប្រជែងជាច្រើនដំណាក់កាល ទម្រាំសម្រាំងបានបេក្ខបេក្ខនារីឆ្នើម ដើម្បីដាក់ស្នើទៅកាន់គណកម្មការ។ ជាលទ្ធផលក្រោយពេល ថតវីដេអូអ្នកឆ្នើមៗ ដាក់ស្នើទៅកាន់អាមេរិក បេក្ខភាពតំណាងអោយកម្ពុជាចំនួន១៧រូប ក៏ត្រូវបានគណកម្មការសម្រេចអោយទៅប្រកួត តែ៤រូបបានបោះបង់ ដោយបានតែ១៣នាក់តំណាងជាតិចេញទៅ។
លោកថា នេះជាចំនួនច្រើននាក់ ដែលកម្ពុជាបានជាប់ ខណៈដែលអ្នកទៅប្រកួតទាំងអស់ នឹងចាកចេញពីកម្ពុជា នៅថ្ងៃទី១៦ កក្កដា ហើយនឹងដំណើរការប្រកួតជាមួយបណ្ដាប្រទេសជាង៨០ប្រទេសផ្សេងទៀត រយៈពេល២ថ្ងៃ។ អ្នកទាំង១៣នេះ ប្រកួតតែវិញ្ញាសារលេងព្យាណូប៉ុណ្ណោះ ដោយលោករំពឹងថា បើទោះជាមិនសង្ឃឹមថាអាចដណ្ដើមពានមាសត្រលប់មកវិញច្រើន តែក៏ពិតជានឹងអាចធ្វើអោយពិភពលោក កាន់តែស្គាល់ពីកម្ពុជា លើជំនាញតន្ត្រី។ លោកថា ក្មេងៗទាំងនេះ តូចៗតែមានសមត្ថភាពខ្ពស់ ដូច្នេះហើយទើបលោកសម្រេចចិត្តបញ្ជូនអោយទៅប្រកួត តំណាងអោយកម្ពុជាទាំងមូល។