កាន់តែពិសេសអស្ចារ្យជាមួយនឹងដំណើរទស្សនកិច្ចសិល្បៈវប្បធម៌ជាតិ ក៏ដូចជាការណែនាំខ្លួនជាផ្លូវការរបស់បវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2023 (Missgrand Cambodia 2023) ដែលដឹកនាំដោយលោកស្រី អ៉ឹម សុគន្ធា National Director ជំនាន់ថ្មី បាននាំយកបេក្ខនារីទាំង25រូបឆ្ពោះទៅកាន់ខេត្ត សៀមរាប ដែលជាទឹកដីដ៏អច្ឆរិយៈនៃប្រទេសកម្ពុជាយើង។
នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរមានរយៈពេលរហូតដល់ទៅ4ថ្ងៃ គឺចាប់ពីថ្ងៃទី 9ដល់ថ្ងៃទី12កក្កដា ក្រៅពីនាំយកបេក្ខនារីទាំង25រូប ឱ្យទៅសិក្សាស្រាវជ្រាវនូវខេត្តចម្បងរបស់ប្រទេសកម្ពុជា តែក៏ជាវិញ្ញាសាថ្មីមួយទៀតដែលជាចំណុចពិសេសៗបង្កប់ដើម្បីជាការសម្គាល់ និង ដាក់ពិន្ទុចំពោះភាពវ័យឆ្លាតរបស់បេក្ខភាពទាំង25រូប ដែលមិនមែនមានន័យថាឱ្យតែមានសម្រស់ស្អាត រូបរាងស្រឡូន សុទ្ធតែអាចក្លាយជាបវរកញ្ញាប្រចាំប្រទេសបាននោះទេ។
នេះគឺជាទស្សនដ៏ល្អមួយរបស់អ្នកដឹកនាំថ្មី ដែលក្រៅពីការទៅបង្ហាញខ្លួន ក៏នៅមានការចុះធ្វើសកម្មភាពមនុស្សធម៌ ដំណើរទស្សនកិច្ចទៅកាន់តំបន់ពិសេសៗនៅក្នុងខេត្តសៀមរាប និង ការចូលរួមគ្រប់សកម្មភាពផ្សេងៗ ហើយក៏បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាប្រជាជននៅទីនោះផ្ទាល់ផងដែរ។
ពិសេសជាងនេះទៅទៀតបវរកញ្ញាទាំង25រូប ក៏ត្រូវបានគេរៀបចំចាត់ចែងឱ្យស្នាក់នៅក្នុងសណ្ឋាគាដ៏ទំនើបប្រចាំខេត្តសៀមរាប ដែលជាទីតាំងមានផាសុកភាព និង ផ្ដល់ភាពងាយស្រួលដល់បេក្ខនារីក្នុងការក្រោកមកទទួលអ្វីដែលថ្មី និង បន្តបេសកកម្មបានយ៉ាងរលូន និង ស្រស់ស្រាយដើម្បីឆ្ពោះទៅដណ្ដើមមកុដឯកនាពេលខាងមុខ។