កាលពីព្រឹកថ្ងៃទី 15 ខែកក្កដា ឆ្នាំ2023 មុននេះ លោកបណ្ឌិត សូរ ស្រណោះ ដែលត្រូវបានគេស្គាល់ថាជានាយកសាលា Srornos Music School បានដឹកនាំកូនសិស្សសរុបចំនួន13នាក់ និង អាណាព្យាបាលមួយចំនួន ហោះទៅកាន់ទីក្រុង ឈីកាហ្គូ សហរដ្ឋអាមេរិកដើម្បីត្រៀមខ្លួនចូលរួមកម្មវិធី Chicago International Music Competitions ដែលនឹងប្រារព្ធធ្វើឡើងរយៈពេល2ថ្ងៃ គឺចាប់ពីថ្ងៃទី 18 ដល់ 19 ខែកក្កដា ខាងមុខនេះ។

ពិតជារឿងដ៏គួរឱ្យមានមោទកភាពសម្រាប់ប្រទេសកម្ពុជាជាយើងដែលកូនខ្មែរតូចៗអាចតំណាងខ្លួនជាបេក្ខភាពទៅប្រកួតប្រជែងលើវិញាសា ព្យាណូ ដែលមានរហូតទៅដល់ 57ប្រទេសផ្សេងទៀតចូលរួម នៅឯប្រទេសមហាអំណាចសហរដ្ឋអាមេរិក។ កុមារាកុមារីតូចៗក៏ដូចជាក្មេងវ័យជំទង់សរុប13នាក់ត្រូវបានគេដឹងថាសុទ្ធសឹងតែជាកូនសិស្សឆ្នើមៗរបស់សាលា ស្រណោះតន្ត្រី ដែលពួកគាត់ខ្លះក៏ធ្លាប់ទទួលបានមេដាយមាស និង ពានកិត្តិយស មួយចំនួនពីមុនរួចមកហើយនៅលើឆាកអន្តរជាតិកាលពីពេលថ្មីៗនេះ។

ត្បិតធ្លាប់ទទួលបានលទ្ធផលគាប់ប្រសើរម្ដងជាពីរដងរួចមកហើយចំពោះការបញ្ជូនកូនខ្មែរ និង ជាកូនសិស្សផ្ទាល់របស់លោកទៅប្រកួតនៅក្រៅប្រទេសពីមុនមក ប៉ុន្តែសម្រាប់លើកនេះលោកក៏មិនរំពឹងខ្ពស់ថានឹងអាចដណ្ដើមមេដាយមាសបាន តែលោកក៏នៅតែរំពឹងយ៉ាងមុតមាំថាសមត្ថភាពកូនសិស្សរបស់លោកពួកគេសុទ្ធសឹងតែអាចធ្វើបាន និង មិនធ្វើឱ្យប្រទេសយើងបាក់មុខនោះឡើយ ហើប្រសិនបើឆ្នាំនេះកូនសិស្សរបស់លោកទទួលបានលទ្ធផលល្អ លោកក៏នឹងពង្រឹងបន្ថែម ហើយជម្រុញស្មារតីឱ្យកូនសិស្សរបស់លោកឈានជើងទៅប្រកួតលើឆាកអន្តរជាតិជាថ្មីម្ដងទៀតនៅឆ្នាំក្រោយ។ ក្នុងដំណើរឆ្ពោះទៅប្រកួតប្រជែងដណ្ដើមមេដាយនេះដែរ លោកក៏បានចម្រាញ់យកនូវអ្នកដែលមានស្នាដៃ ក៏ដូចជាមានការប្រកួតប្រជែងសម្ថភាពនៅក្នុងស្រុកផ្ទាល់រួចមកហើយ ទើបលោកសម្រេចបញ្ជូនឈ្មោះ ក៏ដូចជាឯកសារផ្សេងៗរបស់កូនៗទៅខាងសហរដ្ឋអាមេរិកដើម្បីត្រួតពិនិត្យម្ដងទៀត មុននឹងបញ្ជូនបេក្ខភាពទៅប្រកួត។

LEAVE A REPLY

Please enter your comment!
Please enter your name here