មកទល់ពេលនេះ មានរយៈពេលច្រើនឆ្នាំហើយ ដែលរដ្ឋាភិបាលថៃ និង ពលរដ្ឋថៃ នៅតែបន្តរក្សាទុកសាកសពលោកឳសួង ដែលជាព្រះសង្ឃខ្មែរ នៅក្នុងទីសក្ការៈធំមួយ នៅលើទឹកដីខេត្តស៊ីសាកេត ដោយកន្លែងតម្កល់សាកសពរបស់លោកឪ ត្រូវបានរៀបចំយ៉ាងល្អឥតខ្ចោះ។
ជនជាតិថៃបានទាំងចាត់ទុកថា លោកឪសួង គឺជាទេវតាដើរដី ដែលមានបារមីស័ក្តសិទ្ធិនោះផង ដោយសារតែមុនសុគត លោកឪសួង ដែលជាធុតុង្គ នៅគូលែនព្រហ្មទេពខេត្តព្រះវិហារ ធ្លាប់បានព្យាបាលកូនស្ដេចថៃ អោយជាពីជម្ងឺ និង មានគុណបំណាច់ព្យាបាលជនជាតិថៃ និង ជនជាតិខ្មែរ រស់នៅជាប់ព្រំដែនខ្មែរ រាប់ម៉ឺននាក់ អោយជាសះស្បើយ។
មកទល់ពេលនេះ វត្តលោកតា នៅតែទាក់ទាញអ្នកទេសចរណ៍ និង ជនជាតិខ្មែរ ក៏ដូចជាថៃ អោយទៅគោរពបួងសួង យ៉ាងកកកុញជារៀងរាល់ថ្ងៃ ខណៈដែលអ្នកដែលបានទៅបួងសួង ក៏ទទួលបានមគ្គផលសម្រេចតាមបំណងមិនដែលខាន ដែលបង្ហាញថា លោកឪនៅតែមានបារមីខ្លាំងក្លា។ ជាមួយនឹងភាពរន្ទឺ និង ភាពខ្លាំងពូកែនេះ ទើបស្ថាបនិកគ្រួសារតារាកម្ពុជា គឺលោក ផាត់ តារារដ្ឋ បានដឹកនាំសិល្បករពីប្រទេសកម្ពុជា ទៅថ្វាយបង្គំលោកឪដល់ខេត្តស៊ីសាកេត ជាលើកទី៣ ដើម្បីជាការគោរពដល់លោកឪ ដែលធ្លាប់មានគុណបំណាច់ព្យាបាលជនជាតិខ្មែរ នៅដីកំណើត មុនសុគតនៅថៃផង និង ដើម្បីស្វែងយល់ពីបារមីដ៏ខ្លាំងរបស់លោកឪ និង ផ្សព្វផ្សាយពីព្រះកិត្តិយសនាមរបស់លោកឪ ដែលជនជាតិថៃ កំពុងលើកតម្កើងផង។
ក្នងដំណើរនាថ្ងៃទី២៨ កក្កដា នោះ ក្រៅពីលោក ផាត់ តារារដ្ឋ ដែលជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា ផង គឺមាន អ្នកនាង ប៉េងប៉ោង តារាកំប្លែង លោក រុន ណាកូ ពិធីករ លោក សុខ វិសាល តារាសម្ដែង និង ក្រុមការងារជាច្រើនរូបទៀត សរុបចំនួន១២រូប ទាំងអ្នកជូនដំណើរ។ នេះក៏ចាត់ទុកថា គឺជារួមចំណែកផ្សព្វផ្សាយពីព្រះកិត្តិនាមរបស់ជនជាតិខ្មែរ គឺលោកឪ សួង ដែលត្រូវបានជនជាតិក្បែរខាងកម្ពុជា ចាត់ទុកជាអទិទេព ជាទេវតា និង បានរៀបចំកន្លែងលោកឪ អោយក្លាយជាទីសក្ការៈដ៏ពេញនិយម នៅខេត្តស៊ីសាកេតផងដែរ៕