តាំងពីថ្ងៃទី២ កក្កដា តារាចម្រៀង លោក គង់ សុធារិទ្ធ អនុប្រធាននាយកដ្ឋានអាស៊ាននៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមន្ត្រីបង្គោល និងលោក សូ ស្រណោះ ដែលជាគ្រូតន្ត្រីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាសមាជិកគណៈកម្មការតំណាងជាតិ បានទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ ឆ្នាំ២០២៣ ដែលបានធ្វើឡើងពីថ្ងៃទី២-៥ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងសេអ៊ូល (Seoul) សាធារណរដ្ឋកូរ៉េ ដើម្បីតំណាងអោយកម្ពុជាទៅបំពេញការងារមួយ។

នៅក្នុងព្រឹត្តិការណ៍ ដែលលោកទាំងពីរបានចូលរួមគ្នា គឺដើម្បីធ្វើការបង្ហាញពីការរីកចំរើន នៃវិស័យតន្ត្រី និង ចម្រៀងខ្មែរ ក៏ដូចជាដើម្បីអោយគណកម្មការកូរ៉េ និង មូលនិធិកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ បណ្ដាញទូរទស្សន៍ KBS ទទួលយកក្រុមតន្ត្រីខ្មែរចំនួន៧រូប អោយមានឱកាសបង្ហាញខ្លូន នៅប្រទេសឥណ្ឌូនេស៊ី ដែលគណកម្មការនឹងរៀបចំមហោស្រពតន្ត្រីអាស៊ាន-កូរ៉េ ឆ្នាំ២០២៣ ASEAN-Korea Music Festival 2023 ឬហៅថា ROUND Festival 2023 ដែលនឹងប្រារព្ធធ្វើនៅពហុកីឡដ្ឋាននៃទីក្រុងបានឌុង (Bandung) សាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក សូ ស្រណោះ ដែលបានតំណាងកម្ពុជា ជាមួយ លោក គង់ សុធារិទ្ធិ បានលើកឡើងថា ប្រទេសជាសមាជិកអាចលើកស្នើ ឬឧទ្ទេសក្រុមតន្ត្រីយុវវ័យតំណាងជាតិរបស់ខ្លួន ដើម្បីបានចូលរួមតំណាងប្រទេស នៅកម្មវិធីលើកក្រោយបាន ដោយកម្ពុជាក៏បានដាក់សំណើរយកក្រុមតន្ត្រីចំនួន៣ ទៅធ្វើការបង្ហាញ ដើម្បីទទួលបានសិទ្ធិនោះដូចគ្នា។ ហើយជាលទ្ធផល គឺកម្ពុជាទទួលបានជោគជ័យ ដោយគណកម្មការអន្តរជាតិ បានឯកភាពជ្រើសយកមួយក្រុម ក្នុងចំណោមទាំង៣ ដែលបង្ហាញថា កម្ពុជា គឺនឹងបានស្មើមុខស្មើមាត់នឹងបណ្ដាប្រទេសផ្សេងទៀត សម្រាប់ការប្រព្រឹត្តិទៅនៅប្រទេសឥណ្ឌូនេស៊ីខាងមុខ។ ជំនួសមុខអោយ លោក គង់ សុធារិទ្ធិ លោក សូ ស្រណោះ បានឆ្លើយប្រាប់ថា នេះជាឱកាសដ៏ប្រសើរសម្រាប់ក្រុមតន្ត្រីយុវវ័យជំនាន់ថ្មី ពិសេសប្អូនៗដែលស្រឡាញ់ ចូលចិត្ត ស្ថិតក្នុងវិស័យតូរ្យតន្ត្រី និងចម្រៀង បន្ទាប់ពីកម្ពុជា ទទួលបានសិទ្ធិក្នុងការនាំយកទៅបង្ហាញ លើឆាកអន្តរជាតិ ក្នុងពេលខាងមុខ។ លោកថា តន្ត្រីករទាំងអស់ គួរគប្បីខិតខំឃ្មាតខ្មី យកចិត្តទុកដាក់ ពង្រឹងជំនាញ បង្កើនសមត្ថភាព ឱ្យគុណភាពនៃទេពកោសលរបស់ខ្លួនឡើងដល់កម្រិតមួយ ដើម្បីទទួលឱកាសបន្តបន្ទាប់ នាពេលខាងមុខ។

លោកបញ្ជាក់ថា ក្រុមតន្ត្រី ដែលត្រូវបានជ្រើសនោះ គឺក្រុមតន្ត្រី «One Peace Band» ត្រូវបានជ្រើសរើសជាក្រុមតន្ត្រីតំណាងកម្ពុជា និងមានសិទ្ធិចូលរួមសម្ដែងក្នុងព្រឹត្តិការណ៍ខាងលើ ដែលនឹងប្រារព្ធធ្វើនៅពហុកីឡដ្ឋាននៃទីក្រុងបានឌុង (Bandung) សាធារណរដ្ឋឥណ្ឌូនេស៊ី នាពេលខាងមុខ ហើយនេះក៏ចាត់ទុកថា គឺជាមុខមាត់របស់កម្ពុជាផងដែរ ខណៈដែលការស្នើមិនសុទ្ធតែត្រូវទទួលយក។

LEAVE A REPLY

Please enter your comment!
Please enter your name here