កាលពីថ្ងៃ៨ សីហា ឆ្នាំ២០២៣ មុននេះ លោកឪ ប៊ុនលី ដែលគេស្គាល់ថា គឺជាអគ្គនាយកក្រុមហ៊ុន Universe ដ៏ល្បីក្នុងវិស័យអនឡាញ និង ជាគ្រូអប់រំផ្លូវចិត្ត សម្រាប់អ្នកមានវិបត្តិ បានបើកវគ្គពង្រឹងផ្លូវចិត្ត ដែលមានឈ្មោះ បន្ទប់អាថ៌កំបាំង វគ្គ៨ យ៉ាងជោគជ័យ នៅសណ្ដាគារសុខាល័យ ខេត្តសៀមរាប បានយ៉ាងជោគជ័យ ដោយមានអ្នកចូលរួមជាច្រើនរយនាក់។
នៅក្នុងវគ្គនោះ លោកឪបានជំរុញអោយអ្នកចូលរួម ហ៊ាននិយាយនូវអ្វីដែលជាកង្វល់ និង ស្រែកប្រាប់ចក្រវាឡយ៉ាងអស់សំលេងតែម្ដងសម្រាប់ម្នាក់ៗ ដែលធ្វើអោយបន្ទប់ងងឹតអាថ៌កំបាំងរបស់លោកឪ ក្លាយជាបន្ទប់ដែលពោរពេញដោយសម្រែកទុក្ខសោករបស់អ្នកចូលរួម ដែលធ្វើអោយអ្នកចូលរួម មានអារម្មណ៍ព្រឺរោមយ៉ាងខ្លាំង នៅពេលដែលសម្រែកទុក្ខសោកទាំងនោះ ត្រូវបានបន្លឺយ៉ាងកងរំពង។
ឪប៊ុនលី ចាត់ទុកថា បន្ទប់អាថ៌កំបាំងវគ្គ៨ កាន់តែជួយអោយអ្នកចូលរួម បានបន្សាយនូវអារម្មណ៍ទុក្ខសោក ស្របពេលដែលលោកឆ្លើយថា មនុស្សមួយចំនួនបានចាត់ទុកថាអ្នកចំណាយថវិកាមកទទួលការបណ្ដុះបណ្ដាលនេះ គឺសុទ្ធតែចាញ់បោកលោក ដោយលោកឆ្លើយថា តើអោយលោកឆបោកអ្នកចូលរួមទាំងនោះ ដោយរបៀបណាបើបុគ្គលម្នាក់ៗ គឺសុទ្ធតែជាប់បំណុលវ័ណ្ឌក និង ស្ទើរតែគ្មានសង្គមអោយតម្លៃ។
លោកថា បន្ទប់អាថ៌កំបាំងវគ្គ៨ គឺជាអ្នកជួយសង្គ្រោះអ្នកមានវិបត្តិទាំងនោះទៅវិញទេ ដោយលោកបានពង្រឹងផ្លូវចិត្តហើយធ្វើអោយអ្នកដែលទទួលបានការបណ្ដុះបណ្ដាល អាចប្រឈមនឹងបញ្ហាផ្សេងៗ ហើយឈានទៅដោះស្រាយបញ្ហាជីវិតតាមការចង់បាន។ ក្រោយបញ្ចប់៦ម៉ោង អ្នកចូលរួមទាំងអស់ បានបង្ហាញនូវអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំង ដែលអាចយករឿងអាក្រក់ៗទៅជម្រុះនៅបន្ទប់អាថ៌កំបាំងវគ្គ៨ ហើយក្រោយការពង្រឹងផ្លូវចិត្ត គឺអ្នកចូលរួមម្នាក់ៗ សុទ្ធតែអះអាងថា នេះគឺជាវិធីដែលជួយអោយខ្លួន អាចមានសង្ឃឹមឡើងវិញ ក្រោយជួបវិបត្តិក្ស័យធន និង បញ្ហាផ្លូវចិត្ត។