កាលពីថ្ងៃទី១៤ សីហា ឆ្នាំ២០២៣ អតីតតារាសម្ដែង អ្នកនាង ឯក សុវណ្ណរ័ត្ន ហៅ តារារ័ត្ន បានសម្រេចចិត្តមកកាន់ការិយាល័យផ្ទះតារា គួរអោយភ្ញាក់ផ្អើល ដើម្បីរៀបរាប់ពីការឈឺចាប់ដែលអ្នកនាង បានជួបក្នុងពេលត្រូវគេបង្ហោះថាជាជនឆបោក។ អ្នកនាងបានបង្ហូរទឹកភ្នែក និង សារភាពថា អ្នកនាងពិតជាបានជំពាក់បំណុលគេសរុបប្រមាណជាជាង១ម៉ឺនដុល្លារពិតមែន តែអ្នកនាងមិនបានគេចវេស មិនដោះស្រាយនោះទេ ពោលគឺបណ្ដាលមកពីក្នុងពេលនោះ អ្នកនាងក្ស័យធន រកស៊ីខាត ហើយគេក៏បោកអស់ពីខ្លួន ដែលមិនមានលទ្ធភាពណា ដើម្បីដោះស្រាយ ទើបសម្រេចចិត្តឈប់លេងបណ្ដាញសង្គម ស្របពេលទូរស័ព្ទក៏ខូច ហើយបណ្ដាលអោយម្ចាស់បំណុលមួយចំនួនឈានដល់ការបង្ហោះ។

អ្នកនាងថា ការត្រលប់មកក្នុងពេលនេះ គឺដើម្បីប្រកាសប្រាប់អ្នកដែលអ្នកនាងជាប់ជំពាក់ទាំងអស់ អោយដឹងថាអ្នកនាងនឹងមិនរែកបំណុលបុគ្គលណាម្នាក់នោះទេ ពោលគឺត្រលប់មកដើម្បីរកលុយ ហើយនឹងដោះបំណុលទៅតាមអាចធ្វើបាន។ អ្នកនាង បើក្នុងពេលនោះអ្នកនាងមិនគេច ប្រហែលអ្នកនាងត្រូវនៅក្នុងគុក ឬ ត្រូវស្លាប់ដោយសារតែការដាក់សម្ពាធរបស់ម្ចាស់លុយបាត់ទៅហើយ ជាពិសេសអ្នកដែលតែងតែគំរាមកំហែង ហើយធ្វើអោយអ្នកនាងគិតច្រើន។

អ្នកនាងថាខ្លួនដួលរលំហាងសាឡន២កន្លែង ជំពាក់គេដល់ថ្នាក់គេផុស គ្មានការធ្វើ គ្មានប្រាក់ចំណូល ប្ដីដែលជាឪពុកកូនទាំង២រត់ចោល និង មានជីវិតវេទនាស្ទើរតែគ្មានបាយហូបមួយរយៈមកហើយ ពោលគឺទើបតែមួយរយៈចុងក្រោយប៉ុណ្ណោះ ដែលអ្នកនាងត្រូវបានម្ចាស់ហាងសាឡនមួយនៅខេត្តព្រះសីហនុ ផ្ដល់ការងារអោយធ្វើប៉ុណ្ណោះ ទើបអ្នកនាងអាចមានក្ដីសង្ឃឹមជាថ្មី។

អ្នកនាងប្រកាសអោយបណ្ដាផលិតកម្មជួយហៅអ្នកនាងបានសម្ដែងវិញផង ហើយជួយផ្ដល់ឱកាសអោយអ្នកនាងបាន Live លក់ផលិតផលវិញផង ដើម្បីអ្នកនាងអាចមានលុយចិញ្ចឹមកូន និង សងបំណុល។ អ្នកនាងទទូចអោយម្ចាស់បំណុលទុកផ្លូវអោយនាង ហើយអ្នកនាងនឹងបន្តទាក់ទងម្ចាស់បំណុលទាំងអស់ នៅពេលអ្នកនាងអាចរកលុយបានខ្លះៗ។ អ្នកនាងថា នៅហាងសាឡនរាល់ថ្ងៃ អ្នកនាងអត់មានប្រាក់ខែទេ គឺធ្វើស៊ីភាគរយ និង មានកន្លែងស្នាក់នៅ តែក៏ចាត់ទុកថាមានបាយបីពេលអោយកូនហូបមិនពិបាកដូចមុនផងដែរ ដោយអ្នកនាងប្រកាសថា បើអ្នកនាងត្រូវបានគេផ្ដល់ការងារអោយបន្ថែម ពិសេសការងារសិល្បៈ ដើម្បីបានសាងកេរ្តិ៍ឈ្មោះជាថ្មី នោះអ្នកនាងពិតជាមានលទ្ធភាពបានសងបំណុលជាបណ្ដើរៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here