ក្នុងប៉ុន្មានថ្ងៃនេះ សកម្មភាពក្រៅឆាកនៃការថតរឿង “អង្គុលីមា” កំពុងត្រូវបានចែកចាយយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម ដោយក្នុងចំណោមតួអង្គទាំង គេចាប់អារម្មណ៏លើតួអង្គព្រះពុទ្ធជាងគេ ដោយសារតែមានការតុបតែងសក់ ឡើងដូចព្រះពុទ្ធពិតៗ ហើយក៏មើលទៅស៊ីនឹងទម្រង់មុខផងដែរ បន្ទាប់ពីតួអង្គនេះ ត្រូវបានតុបតែងមុខមាត់ហើយ។ អ្នកខ្លះស្មានថា នេះរូបភាពកែច្នៃនោះផង ជាពិសេសនៅពេលដែលតួអង្គព្រះពុទ្ធរូបនេះ ត្រូវបានគេយកទៅបង្ហោះ អមដោយសារផ្សេងៗ តគ្នា។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញជូនពីអត្តសញ្ញាណពិតរបស់លោក ដើម្បីអោយទស្សនិកជនស្គាល់ច្បាស់ថាលោកគឺជាអ្នកណា។

តួអង្គព្រះពុទ្ធបរមគ្រូ ឬ ព្រះមោគលាន ដែលបានបង្ហាញក្នុងភាពយន្តភាគរបស់ CTN នេះ គឺជាការសម្ដែងដោយ លោក សុខ វិសាល ដែលគេស្គាល់ភាគច្រើនក្នុងការងារសង្គមជាយូរមកហើយ។ លោកក៏រមែងលេចមុខនៅលើបណ្ដាញសង្គម ក្នុងនាមជាអ្នករៃអង្គាសប្រាក់ជួយដល់អ្នកខ្សត់ខ្សោយ បើទោះជាលោកក៏មិនមែនជាតារាហាយសូ មានបាន។ លោកក៏សកម្មភាពផងដែរ ក្នុងសកម្មសង្គមតាមរយៈគ្រួសារតារាកម្ពុជា ដោយសារតែលោកក៏ជាសមាជិករបស់គ្រួសារតារាកម្ពុជា។

លោកគឺជាតារាដែលមានស្នាដៃសម្ដែងរាប់មិនអស់ តែប្រជាប្រិយ ហាក់នៅមានកម្រិតនៅឡើយ ដោយទើបតែផ្ទុះការចាប់អារម្មណ៍ខ្លាំង ក្រោយមានឱកាសបានសម្ដែងជាតួអង្គ ព្រះពុទ្ធ។ លោក សុខ វិសាល បានបង្ហាញអារម្មណ៍រំភើបមិនតិចឡើយ ក្រោយពេលបានសម្ដែងជាតួអង្គនេះ ជាពិសេសនៅពេលដែលលោកបានឃើញគេយករូបថតរបស់លោក ទៅបង្ហោះភ្ជាប់សារផ្សេងៗ ដើម្បីអបរំ នៅលើបណ្ដាញសង្គម។ លោកក៏ចាត់ទុកថា នេះគឺជាតួអង្គដ៏សំខាន់មួយ ដែលលោកបានសម្ដែង តាមរយៈភាពយន្តរឿង”អង្គុលីមា” ដែលត្រៀមចាក់ផ្សាយនៅ CTN ផងដែរ៕


LEAVE A REPLY

Please enter your comment!
Please enter your name here