បោះជំហានចូលក្នុងវិថីសិល្បៈត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ តែតារាសម្ដែងវ័យក្មេង ជាកូនកាត់រុស្ស៊ី កញ្ញា សូហ្វីរ៉ា (Sofira) ហៅ ប្រណម្យ ឡើងកូដស្រឺតៗ ទាំងការងារថតម៉ូត និង សម្ដែង។ ក្នុងស្ដែង ក្រោយទទួលបានតំណែងជាតួឯកក្នុងភាពយន្តនាពេលចុងក្រោយ កាន់តែធ្វើអោយកូនកាត់ ដែលជាអតីតបវរកញ្ញាវ័យក្មេង ដ៏ស្រស់សោភារូបនេះ ទទួលបានការគាំទ្រទ្វេរដង។
ក្នុងពិធីសម្ពោធភាពយន្តរបស់ LD Picture ដែលនាងគឺជាតួឯក ក្រោមចំណងជើងថា “ហ្វូតូកូពី” នាងទទួលស្គាល់ថា ខ្លួនពិតជាមានទីផ្សារជាងមុន ស្របពេលដែលនាង ក៏កាន់តែធំពេញវ័យ ហើយមានរូបសម្រស់ស្រស់សោភា។ ងាកមករម្លឹកពីការសម្ដែងក្នុងភាពយន្តនេះ សូហ្វីរ៉ា ប្រាប់ថាសប្បាយចិត្ត ដែលបានធ្វើការជាមួយ LD Picture ដោយតាមរយៈការសម្ដែងក្នុងរឿង “ហ្វូតូកូពី” នេះគឺនាងទទួលបានបទពិសោធន៍ជាច្រើន។
ភាពយន្តនេះ ក៏មានឈុតឆាកព្រឹព្រួច ពិបាកថតជាច្រើនផងដែរ តែនាងនៅតែជម្នះធ្វើបាន ក្រោយពីទទួលបានការបង្ហាត់បង្ហាញពីផលិតករ។ នាងកាន់តែរំភើបនៅពេល ផលិតករធ្វើពិធីសម្ពោធបង្អួតស្នាដៃដែលនាងបានសម្ដែង ហើយធ្វើពិធីយ៉ាងធំដុំ ដែលកាន់តែធ្វើអោយនាងទទួលបានកិត្តិយស។ នាងទទូចអោយអ្នកដែលចង់ឃើញការសម្ដែងរបស់នាង គាំទ្រភាពយន្តនេះ អោយបានគ្រប់រោង ដើម្បីគាំទ្រវិស័យភាពយន្តខ្មែរ និង លើកទឹកចិត្តនាង សម្រាប់ភាពយន្តក្រោយៗ។
គួរបញ្ជាក់ថា ភាពយន្តរឿង “ហ្វូតូកូពី” គឺជាភាពបែបភ័យរន្ធត់មួយ ដែលសម្ដែងដោយតួអង្គល្បីៗ និង មានសមត្ថភាព។ នេះក៏ជាស្នាដៃបែបព្រឺព្រួច ដើម្បីអបអរឱកាសភ្ជុំផងដែរ ខណៈដែលភាពយន្តនេះ នឹងដំណើរការលក់សំបុត្រជាផ្លូវការហើយ ចាប់ពីថ្ងៃទី៥ តុលា តទៅ ដោយក្នុងពិធីសម្ពោធគេឃើញមានវត្តមានសិល្បករ និង ភ្ញៀវកិត្តិយសជាច្រើនចូលរួម។