កាលពីព្រឹកថ្ងៃទី១២ តុលា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃបិណ្ឌទី១៣ លោកស្រី សំរិទ្ធិ មានហេង និង លោក សេង លឿង ដែលគេស្គាល់ថា គឺជាម្ចាស់សម្អាងការហេងមានលាភ និង សិល្បករ២រូប គឺលោក ENO និង ម៉ៃ សុគន្ធ បានទៅវត្តរួមគ្នា ដោយជំនួបរបស់អ្នកទាំង៤ ក៏មានសាច់ញាតិផ្សេងទៀត ហែរហមទៅប្រគេនទេយ្យទានរួមជាមួយផងដែរ។ ទីអារ៉ាមដែលម្ចាស់សម្អាងការហេងមានលាភ និង អ្នកសិល្បៈទៅធ្វើបុណ្យរួមគ្នានេះ ស្ថិតនៅវត្តមង្គលសត្ថាវ័ន ហៅ វត្តព្រែកតាគង់ ក្នុងសង្កាត់ព្រែកលាភ រាជធានីភ្នំពេញ។
លោកស្រី សំរិទ្ធិ មានហេង ម្ចាស់សម្អាងការហេងមានលាភ បានលើកឡើងថា ដោយសារតែពិធីបុណ្យកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្យ គឺជាពិធីបុណ្យដ៏សំខាន់នៅក្នុងសង្គមខ្មែរ ទើបលោកស្រីនឹងក្រុមការងារសម្រេចធ្វើចង្ហាន់បិណ្ឌបាត្រ និង ពាំនាំបច្ច័យមកធ្វើបុណ្យរួមគ្នា ហើយគៀងគរតារាសិល្បៈ ដែលលោកស្រីរាប់អានអោយចូលរួម។ លោកស្រីថា ដោយសារតែតារាសិល្បៈ ដែលលោកស្រីស្និទ្ធិស្នាល ជាប់រវល់ទៅស្រុក និងខ្លះមមាញឹកផ្ទាល់ខ្លួន កុំអោយឱកាសទៅធ្វើបុណ្យរួមគ្នានេះ គឺនឹងមានអ្នកសិល្បៈមកចូលរួមច្រើន។
លោក Eno និង លោក ម៉ៃ សុគន្ធ បានលើកឡើងថា ការធ្វើបុណ្យក្នុងឱកាសកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ គឺជារឿងដែលមិនអាចខានបានសម្រាប់កូនខ្មែរ ដូច្នេះហើយទើបលោក គ្រាន់តែឮលោកស្រី សំរឹទ្ធិ មានហេង និង ស្វាមី បបួលទៅវត្ត គឺពួកលោកទៅចូលរួមជាមួយភ្លាម ដើម្បីបានកុសលរួមគ្នា និង បង្កើតនូវអនុស្សាវរីយ៍ ក្នុងឱកាសភ្ជុំបិណ្ឌ។