មិនត្រឹមតែជោគជ័យក្នុងវិស័យជាអ្នកកាន់បារមី ហើយល្បីក្នុងរឿងធ្វើស្នេហ៍បន្ទន់ចិត្ត និង រៀបហុងស៊ុយរកស៊ីផ្សេងៗតែម្យ៉ាងនោះទេ លោកគ្រូមហាយៀន ក៏ត្រូវគេដឹងថា នឹងត្រៀមបើកសម្ពោធរីស៊តធំមួយ ដែលជាប្រភេទផ្ទះលម្ហែកាយ នៅស្រុកកំណើតរបស់លោកគ្រូផ្ទាល់ ដែលស្ថិតនៅទីរួមខេត្តកំពតផងដែរ។ នេះបើយោងតាមការបង្ហោះរបស់ លោក ផាត់ តារារដ្ឋ ចាងហ្វាងសារព័ត៌មាន ផ្ទះតារា និង ក្រុមការងារ ដែលបានចុះទៅដល់ទីនោះផ្ទាល់ តាមការអញ្ជើញរបស់លោកគ្រូ។
ផ្ទះលម្ហែកាយ ដែលជាលក្ខណៈរីស៊តនេះ ស្ថិតនៅច្រកចូលទល់មុខវត្តកំពតចាស់ ហើយជារីស៊ត ដែលទើបតែបានសាងសងរួចរាល់ប៉ុណ្ណោះ ដោយមិនទាន់បើកទទួលភ្ញៀវអោយស្រួលបួល និង មិនទាន់កំណត់ថ្ងៃបើកសម្ពោធឡើយ។ លោក ផាត់ តារារដ្ឋ បានបង្ហោះនៅលើបណ្ដាញសង្គមថា រីស៊តរបស់លោកគ្រូមហាយៀន គឺជិតបើកសម្ពោធជាផ្លួវការហើយ ដោយមានការរំពឹងថា នឹងមានអ្នកសិល្បៈចូលរួមផងដែរ ដោយសារតែលោកគ្រូរមែងមានសកម្មភាពស្និទ្ធស្នាលជាមួយ គ្រួសារតារាកម្ពុជា ដែលក្រុមសិល្បករធំមួយ។
រីស៊តនេះ មិនត្រឹមតែប្រើឈ្មោះលោកគ្រូធ្វើជាយីហោប៉ុណ្ណោះទេ តែក៏បានរៀបចំយ៉ាងប្រណិត ហើយត្រូវបានគេដឹងថា បានកំណត់តម្លៃធូរ ដោយតាមការអះអាង គឺបន្ទប់គ្រែ១ តម្លៃតែ៣០ដុល្លារ និង ៣៥ដុល្លារ សម្រាប់គ្រែ២ ដោយក្នុងបរិវេណក៏មានកន្លែងជប់លៀង អាំងសាច់ អាហារដ្ឋាន អាងហែលទឹក និង ស្កាយបា សម្រាប់បំពេញតម្រូវការភ្ញៀវ។ យ៉ាងណាមិញ មកដល់ពេលនេះ រីស៊តទាំងមូល នៅមិនទាន់រួចរាល់ទាំងស្រុងទេ ទើបមិនទាន់កំណត់ថ្ងៃបើកសម្ពោធ។ ការបង្ហោះអោយដឹងរបស់ លោក ផាត់ តារារដ្ឋ ក៏បង្ហាញពីជោគជ័យមួយកម្រិតទៀត របស់លោកគ្រូមហាយៀន ដែលកំពុងល្បីក្នុងរឿងបារមី និង ដោះអំពើរូបនេះផងដែរ។