ក្រោយបង្ហោះថ្ងៃខួបកំណើតកូនស្រីច្បង គម្រប់១១ឆ្នាំ គឺបានបង្ហាញយ៉ាងច្បាស់ថា ចំណងស្នេហ៍រវាង ផលិតករទូរទស្សន៍បាយ័ន លោក គង់ វិសាល និង ភរិយា បានបន្តដំណើរបានរយៈពេល១២ឆ្នាំហើយ ខណៈដែលជាង១០ឆ្នាំនេះ គឺលោក និង ភរិយា កាន់តែមានសុភមង្គល និង នៅតែផ្អែមល្ហែម ដោយតែងតាំងតែបង្ហាញនៅលើបណ្ដាញសង្គម។ អ្វីដែលគេកត់សម្គាល់គឺលោកកំពុងក្លាយជាផលិតករជើងចាស់តែមួយរូបគត់ ដែលនៅតែមានកម្មវិធីធំៗក្នងដៃ ដែលមានន័យថា គឺជាបុគ្គលដែលជោគជ័យទាំងជីវិតស្នេហា និង ការងារ។ មកទល់ពេលនេះ លោកបានបន្សល់នូវកូនប្រុសស្រីចំនួន២នាក់ ដោយកូនស្រីច្បងឈ្មោះ វិសាល ហេង សុម៉ារីយ៉ា គម្រប់អាយុ១១ឆ្នាំ នាថ្ងៃទី២៩ តុលា ក្នុងឆ្នាំ២០២៣នេះ និង កូនប្រុសពៅឈ្មោះ
វិសាល ហេង សុវិសុទ្ធ អាយុ 06 ឆ្នាំ។
យោងតាមការបង្ហោះជូនពរថ្ងៃកំណើតទៅកាន់កូនស្រី គឺមានអ្នកលេងបណ្ដាញសង្គមច្រើនណាស់ សរសើរថាមួយគូនេះ ក្រៅពីនៅតែផ្អែមល្ហែម ជោគជ័យក្នុងជីវិត ដោយមានទាំងការងារមុខមាត់ក្នុងសង្គម ក៏មិនដែលលេចរឿងអាស្រូវ អោយគេរិះគន់ផងដែរ។ អ្វីដែលសំខាន់ គឺកម្មវិធីធំៗ ដែលលោកគ្រប់គ្រងនៅទូរទស្សន៍បាយ័ន នៅតែមានរសជាតិថ្មីៗ ធ្វើអោយមានការគាំទ្រមិនចេះរីងស្ងួត ដែលខុសពីផលិតករជំនាន់លោកមួយចំនួន ដែលខ្លះចាប់ផ្ដើមបាត់មុខនោះ៕