ភាពយន្តខ្នាតធំដ៏ល្បីល្បាញរបស់ប្រទេសថៃរឿង «ទំនួញព្រាយ-Tee Yod » បានធ្វើការបើកសម្ភោធ និង ចាក់បញ្ចាំងពិសេសនៅថ្ងៃទី 15នេះ ជូនដល់ហ្វេនៗដែលបានឈ្នះនូវរង្វាន់បន្ទាប់ពីការលេងហ្គេម ដើម្បីបានទស្សនាមុនគេជាមួយនឹងការចាក់បញ្ចាំងនៅក្នុងសាល IMAX នៅលើអេក្រង់ធំអស្ចារ្យ ភ្លឺច្បាស់ត្រជាក់ភ្នែក នៃរោងភាពយន្ត Major Cineplex By Smart នៅផ្សារទំនើប Aeon Mall Sensok។

លោក សុខ សិរីសុភា ប្រធានផ្នែកទីផ្សា M Picture Cambodia ដែលជាក្រុមហ៊ុននាំចូលភាពយន្តខ្នាតធំឈានមុខគេនៅកម្ពុជា បានលើកឡើងថា រឿង «ទំនួញព្រាយ-Tee Yod» ជាប្រភេទភាពយន្តបែបអបិយជំនឿ អរូប និង មន្តអាគមខ្មៅ ដ៏គួរឱ្យខ្លាចមួយប្រភេទ និពន្ធឡើងដកស្រង់ចេញពីសៀវភៅប្រលោមលោកដ៏ល្បីមួយ និង និពន្ធតាមសាច់រឿងពិតជាក់ស្ដែងដែលបានកើតឡើងទៅលើគ្រួសារកសិករដ៏រន្ធត់មួយកាលពីកំឡុងឆ្នាំ 1972 នៅក្នុងភូម Kanchanaburi ប្រទេសថៃ។

ក្រៅពីសាច់រឿងរន្ធត់ ព្រឺព្រួច ដែលធ្វើឱ្យអ្នកទស្សនាពេញមួយរោងកុនថ្ងៃ Pre-screening ជាមួយនឹងសម្រែកហ៊ោ ពោពេញដោយភាពភ័យខ្លាច និង លាន់មាត់សរសើរថាពិតល្អមើលក្រោយបានទស្សនារួច ទាំងការសម្ដែងរបស់តួអង្គ ពិសេសបច្ចេកទេស ក្រាហ្វិកពីមួយវគ្គទៅមួយវគ្គត្រដមត្រសងគ្នាត្រជាក់ភ្នែក ឆាកលងបន្លាចស្រស់ៗគួរឱ្យសរសើរ ហើយអ្វីដែលកាន់តែពិសេសនោះគឺប្រជុំទៅដោយតារាសម្ដែងល្បីៗប្រចាំប្រទេសថៃ ឃ្យូតៗ ស្រស់សង្ហារ ក្នុងនោះរួមមាន៖ លោក Nadech, កញ្ញា Rattanawadee, លោក Peerakrith, កញ្ញា Denise Jelilcha ព្រមទាំងតារាប្រុសស្រីជាច្រើនរូបទៀត។

ក្រោយការសម្ភោធរឿងនេះក៏នឹងមានចាក់បញ្ចាំងជាផ្លូវការណ៍នៅគ្រប់រោងភាពយន្តទូទាំង25ខេត្តក្រុង ចាប់ពីថ្ងៃទី 16 ខែ វិច្ឆិកា ឆ្នាំ2023 នេះតទៅ ដោយប្រិយមិត្តអាចឆែកម៉ោងចាក់បញ្ចាំងដើម្បីទិញសំបុត្រចូលទស្សនា ឬ ធ្វើការកក់សំបុត្រតាមរយៈApp ចាប់ពីថ្ងៃនេះតទៅ។


LEAVE A REPLY

Please enter your comment!
Please enter your name here