បងប្អូនជនមានពិការភាពភ្នែក និងកាយសម្បទាចំនួន ១៣០នាក់ បានទទួលការពិគ្រោះ ពិនិត្យព្យាបាល ជំងឺពីមន្ទីរពេទ្យជាតិតេជោសន្តិភាព កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ០៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ពិធីនេះប្រព្រឹទ្ធទៅក្រោមអធិបតីភាពលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, និងមានការអញ្ជើញចូលរួមពីលោកជំទាវញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី, ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, លោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមន្ទីរពេទ្យជាតិតេជោសន្តិភាព។ ក្នុងនោះក៏មានវត្តមានដឹកនាំសិល្បករ ដោយសែព្រះរាជវង្សអង្គឌួង គឺ លោក ផាត់ តារារដ្ឋ ដែលជាស្ថាបនិករបស់គ្រួសារតារាកម្ពុជាផងដែរ។

ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបានធ្វើរបាយការណ៍សង្ខេបជូនអង្គពិធីដោយបានលើកឡើងថា បច្ចុប្បន្ននេះជនមានពិការភាពចំនួន ២៨៨,៦៩០នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មដោយជនបង្គោលឃុំសង្កាត់ នៅទូទាំងប្រទេស ហើយក្រសួងបានផលិតបណ្ណសម្គាល់ជនមានពិការភាពបានចំនួន ២២២,១៤៨បណ្ណ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា កន្លងមកក្រោមការដឹកនាំប្រកបដោយឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យជនមានពិការភាពភ្នែក និងកាយសម្បទានៅកម្ពុជាពិតជាមានសំណាងនៅមានភ័ព្វវាសនា ទទួលបានការអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការយកចិត្តទុកដាក់ខ្ពស់ដែលជាមូលដ្ឋានគ្រឹះនៃការលើកស្ទួយសិទ្ធិជនមានពិការភាពនៅកម្ពុជា។

លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានលើកឡើងថា នេះគឺជាការយកចិត្តទុកដាក់មួយដ៏គួរសរសើរ ចំពោះបងប្អូនជនមានពិការភាព ដើម្បីអោយជនមានពិការភាពទទួលបានសេវាសុខភាព ហើយជៀសផុតពីជម្ងឺប្រចាំកាយ។ លោកជំទាវក៏បានកោតសរសើរចំពោះគ្រួសារតារាកម្ពុជា ដែលដឹកនាំព្រះរាជវង្សអង្គឌួង គឺ អង្គឌួង តារារដ្ឋ ផងដែរ ដែលតែងតាំងសហការដឹកនាំសិល្បករទៅចូលរួម ហើយធ្វើអោយសកម្មភាពរបស់សមាគមជនពិការ ក្រោមការដឹកនាំរបស់ឯកឧត្តម ចាប តូ។ នៅក្នុងថ្ងៃនោះ លោកជំទាវ ញ៉ែម មរកត ក៏បានជូនលិខិតសរសើរ ជូនដល់សិល្បករទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមផងដែរ៕




LEAVE A REPLY

Please enter your comment!
Please enter your name here