ក្នុងសកម្មភាពដឹកនាំសិល្បករទៅបិទការប្រកួតកីឡារំាប្រចាំឆ្នាំ របស់សហព័ន្ធកីឡារាំកម្ពុជា កាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ២០២៣ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាព្រះរាជវង្សអង្គឌួងមួយអង្គ បានបង្ហាញនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះកីឡារាំកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធ និង ជារដ្ឋលេខាធិការក្រសួងកិច្ចការនារី។ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់ លោកជំទាវបណ្ឌិត្យ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយប្ញទ្ធិនារីកម្ពុជា នាថ្ងៃបិទបញ្ចប់នោះ គឺរឹតតែមានការចាប់អារម្មណ៍លើកីឡារាំកម្ពុជាកាន់តែខ្លាំង បន្ទាប់ពីកីឡាករកីឡាការិនី ដែលដណ្ដើមមេដាយ ក៏សុទ្ធតែមានសមត្ថភាព ដែលកំពុងតែក្លាយជាគ្រាប់ពេជ្រកម្ពុជា។ នៅក្នុងឱកាសនោះ លោកជំទាវបណ្ឌិតអគ្គស្នងការសមាគម ក៏បានកោតសរសើរចំពោះសុន្ទរកថារបស់លោកជំទាវ ញ៉ែម មរកត ផងដែរ ក្នុងពេលលោកជំទាវលើកឡើងពីទុក្ខលំបាករបស់កីឡាករ និង ពីបញ្ហារបស់ជនពិការអមដោយការបង្ហូរទឹកភ្នែក។

លោក ផាត់ តារារដ្ឋ ដែលបានដឹកនាំសិល្បករអោយចូលរួមបានលើកឡើងថា កីឡារាំកម្ពុជា មិនត្រឹមតែមានការរីកចំរើនខ្លាំងតែប៉ុណ្ណោះទេ តែក៏កាន់តែមានអ្នកចាប់អារម្មណ៍ខ្លាំងឡើងផងដែរ ដល់ថ្នាក់អ្នកសិល្បៈច្រើនឡើងចាប់អារម្មណ៍ចំណាយពេលចូលរួម។ លោកថា វត្តមានសិល្បករ នឹងកាន់តែជួយជំរុញអោយកីឡាមួយនេះ មានការសុះសាយទ្វេរដង ស្របពេលដែលតារាសិល្បៈ ក៏តែងតែបង្ហោះពីសកម្មភាពរបស់ខ្លួន ជាក់ស្ដែងដូចជាក្នុងពេលទៅលើកស្ទួយកីឡារាំនៅវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិនេះ ដែលធ្វើអោយស្រទាប់មហាជន កាន់តែជ្រួតជ្រាបពីសន្ទុះឈានឡើង។

លោកថា គ្រួសារតារាកម្ពុជា នឹងបន្តដឹកនាំសិល្បករចាស់ថ្មី ចូលរួមក្នុងការងារសង្គមអោយកាន់តែច្រើន ជាពិសេសគឺការផ្សព្វផ្សាយ និង លើកស្ទួយពីកីឡារាំនេះ ដើម្បីអោយកាន់តែមានការចាប់អារម្មណ៍នៅក្នុងសង្គម។ ក្នុងនោះលោកក៏ថ្លែងអំណរគុណ ចំពោះលោកជំទាវប្រធានសហព័ន្ធញ៉ែម មរកត ផងដែរ ដែលតែងតែផ្ដល់កិត្តិយសអោយសិល្បករគ្រួសារតារាកម្ពុជា បានរួមចំណែកក្នុងការងារសង្គម ជាពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡារាំនេះជាដើម។



LEAVE A REPLY

Please enter your comment!
Please enter your name here