កាលពីថ្ងៃទី២៥ ធ្នូ ឆ្នាំ២០២៣ លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក បានសម្រេចលទ្ធផលមួយគួរអោយភ្ញាក់ផ្អើល ដោយបានបង្កើតការប្រលងចម្រៀង នៅក្នុងភោជនីយដ្ឋានស្រាត្បាល់៧រសជាតិ ដែលលោកបានបើកដំណើរការ នៅខេត្តព្រះសីហនុ ហើយជម្រើសបានម្ចាស់ពានមួយរូប ដែលមានទឹកដមសំលេងពីរោះ និង មានសមត្ថភាពខ្លាំងនៅក្នុងវិស័យចម្រៀង។

លោក ម៉ានី ដែលជាកម្មកររោងចក្រនៅខេត្តព្រះសីហនុ បានក្លាយជាម្ចាស់ពាន ក្រោយពីបានបញ្ចេញសមត្ថភាពបកស្រាយបទចម្រៀង៣វគ្គ ហើយអាចទាញចិត្តគណកម្មការ។ នៅក្នុងការប្រកួតនេះ មានការចូលរួមប្រកួតដោយបេក្ខជនបេក្ខនារីប្រមាណជិត១០០នាក់ ហើយជម្រុះ៤៥នាក់ ក្រោយមកក៏ឆ្លងកាត់ការប្រកួតចំនួន៦សប្ដាហ៍ រហូតនៅសល់តែបេក្ខភាព៩រូបចុងក្រោយនៅវគ្គផ្ដាច់ព្រ័ត្រ។

ការប្រកួតនេះ មានគណកម្មការផ្ដល់ពិន្ទុចំនួន៣រូប លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាស៊ិក និង ជាម្ចាស់ហាងស្រាត្បាល់៧រសជាតិ , លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន “ផ្ទះតារា” និង លោក បញ្ញា សិទ្ធិ តារាសម្ដែង និង ជាតារាចម្រៀង។ នេះជាការប្រកួតចម្រៀង ដែលអាចនិយាយបានថា ទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈដែលការប្រកួតនេះ ក្រៅពីបានបណ្ដុះធនធានសិល្បករថ្មី ក៏បង្ហាញថា លោក ហួរ សុផល ដែលស្ងាត់ពីការផលិតចម្រៀង ក៏កំពុងជោគជ័យក្នុងអាជីវកម្មបើកភោជនីយដ្ឋានស្រាត្បាល់៧រសជាតិ នៅខេត្តព្រះសីហនុ នៅម្ដុំចម្ការស្ពៃ លើផ្លូវទួលខ្សាច់ ដែលជាទីប្រជុំជនធំនោះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here