អ្នកនិពន្ធឆ្នើម លោកស្រី ងិន ម៉ានីយ៉ា ដែលនិពន្ធបទអោយតារាហង្សមាសច្រៀងល្បីរាប់មិនអស់ បានបញ្ចេញស្នាដៃជាលើកដំបូងរបស់ខ្លួនហើយ ស្វាគមន៍ដើមឆ្នាំ២០២៤នេះហើយ ដោយស្នាដៃរបស់លោកស្រី ត្រូវបានកូនប្រុសទី២របស់លោកស្រី យកទៅច្រៀងឡើងពិរោះរន្ដំតែម្ដង ជាមួយនឹងបទចម្រៀងដែលមានសាច់ភ្លេងយ៉ាងជក់ចិត្ត។ លោក ថៃ នរបណ្ឌិត្យ ហៅ Bennie Thai កំពុងអន្ទងហ្វេនៗ ជាមួយនឹងបទដែលជាស្នាដៃរបស់លោកស្រីជាម្ដាយ ក្រោមចំណងជើងថា “កុំបោះបង់” ដែលបទចម្រៀងមួយបទនេះ គឺមានខ្លឹមសារចាក់ដោតយ៉ាងខ្លាំង ជាពិសេសអ្នកមានស្នេហា ដែលសាងអនុស្សាវរីយ៍រាប់មិនអស់នឹងគ្នា។

លោក Bennie Thai គឺជាកូនប្រុសទី២ របស់ ឯកឧត្តម ថៃ នរសត្យា និង ជាប្អូនបង្កើតរបស់ អតីតតារាសម្ដែង លោក ថៃ នរវិទូ តែលោកមិនសូវលេចធ្លោក្នុងវិស័យសិល្បៈ ដូចបងប្រុស និង ប្អូនស្រីឡើយ ដោយសារតែលោកមានជំនាញផ្សេង។ ដូច្នេះហើយទើបគ្រាន់តែ MV បទ “កុំបោះបង់” របស់លោកចេញបង្ហោះ ហើយត្រូវគេដឹងថា គឺជាស្នាដៃនិពន្ធដោយ លោកស្រី ងិន ម៉ានីយ៉ា គឺធ្វើអោយម្នាក់ៗចាប់អារម្មណ៍តែម្ដង ស្របពេលដែលទឹកដមសំលេងរបស់លោក ក៏លើកដាក់បានយ៉ាងលន្លង់លន្លោច។ លោកស្រី ងិន ម៉ានីយ៉ា បានបង្ហោះនៅលើបណ្ដាញសង្គមថា  “នាងខ្ញុំបានបណ្ដុះគ្រាប់ពូជសិល្បៈ នៃការតែងនិពន្ធឡើង ពីបេះដូងនាងខ្ញុំ ( ប៉ុន្តែការច្រៀងគឺជាសមត្ថភាពផ្ទាល់ខ្លួនរបស់គេ) ពេញដោយ មោទនភាព សូមបងប្អូនជួយគាំទ្រគ្រាប់ពូជនៃគ្រួសារតូចនាងខ្ញុំនេះផង។🙏🙏🙏

ខ្ញុំពិតជារំភើបរីករាយណាស់ ព្រោះឃើញគ្រាប់ពូជនាងខ្ញុំបានដុះលូតលាស់ឡើងនៅចំពេលវេលាដែលនាងខ្ញុំនៅមានជីវិត បានឃើញផ្ទាល់នឹងភ្នែក”។

លោក ថៃ នរបណ្ឌិត ហៅ Bennie បញ្ជាក់ថា នេះគឺជាបទទី២របស់លោកតែប៉ុណ្ណោះ តែមួតបទនេះហាក់ចាក់ដោតយុវវ័យបានយ៉ាងកន្ទាក់ ដោយសារតែប៉ារ៉ូលដែលអ្នកម្ដាយសរសេរអោយ គឺត្រូវចិត្តយុវវ័យខ្លាំង។ នេះជាលើកដំបូងដែលលោកបានច្រៀងប៉ារ៉ូលរបស់ម្ដាយ ហើយលោកនឹងបន្តផលិតបទផ្ទាល់ខ្លួនបែបនេះ អោយបានកាន់តែច្រើន បន្ទាប់ពីមើលឃើញសន្ទុះមួយបទនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here