បើទោះជាបានប្រឡូកអាជីពចម្រៀង១០ឆ្នាំ តែកេរ្តិ៍នៅមានកម្រិត តែក្នុងពិធីខួបកំណើត កាលពីថ្ងៃទី១៧ មករា ឆ្នាំ២០២៤ លោកនៅតែអះអាងថា នៅមានមហិច្ឆតាចង់ក្លាយជា Super Star បើទោះជាលោកយល់ថានេះគឺជាអ្វីដែលពិបាកទៅរួច។

លោកបានផ្ដល់កិច្ចសម្ភាសន៍ ដល់ផ្ទះតារាថា កាលពីតូចលោកមានក្ដីស្រម៉ៃក្លាយជាអ្នកសិល្បៈ ចុងក្រោយលោកក៏អាចធ្វើបាន ហើយលោកចង់ក្លាយជាតារាចម្រៀងដែលមានគេអោយឡើងឆាក ចុងក្រោយលោកក៏បានឡើងឆាកទូរទស្សន៍ ស្ទើរមិនសល់មួយកម្មវិធី តែអ្វីដែលលោកប្រាថ្នាតាំងពីតូច ហើយនៅតែមិនទាន់បានសម្រេចនោះ គឺចង់ក្លាយជាតារាល្បី ដែលមានគេស្គាល់ទូលំទូលាយ ដែលជាក្ដីប្រាថ្នារបស់អ្នកសិល្បៈនោះ។ លោកបញ្ជាក់ថា បំណងមួយនេះ ប្រហែលមិនអាចទៅរួចទេ ដោយសារតែលោកព្យាយាមចេញបទផ្ទាល់ខ្លួនជាច្រើនបទមកហើយ តែនៅតែមិនមានសំណាងទាល់តែសោះ។

យ៉ាងណាមិញលោកថា បទចម្រៀងកន្លងមកដែលលោកបកស្រាយ មិនថា បទនិពន្ធថ្មី ឬ បទ Cover គឺមានបទមួយចំនួនមានអ្នកចូលទស្សនារហូតដល់ជាង 5M ប៉ុន្តែនៅតែមិនអាចទៅរួច។ ពេលខ្លះលោកក៏បាក់ទឹកចិត្តក្នុងអាជីពជាអ្នកចម្រៀងនេះដែរ ក្រោយពេលវិវត្តន៍ក្លាយជាអ្នកនិពន្ធបទខ្លួនឯងទៅហើយ នៅតែគ្មានបទផ្ទុះកក្រើកអោយខ្លួនអាចក្លាយជា Super Star។

ងាកមកកម្មវិធីខួបកំណើតនេះវិញ គឺលោកបានធ្វើតែជាង២០តុប៉ុណ្ណោះ ដោយមិនធ្វើធំដូចរាល់ឆ្នាំទេ ប៉ុន្តែកម្មវិធីរបស់លោកគឺភ្ញៀវមកឡើងណែនតែម្ដង គឺមិនសល់តុនោះទេ។ ក្នុងនោះតារាសិល្បៈ ដែលលោកបានអញ្ជើញ ក៏បង្ហាញវត្តមានស្ទើរមិនបាត់ម្នាក់ផងដែរ។ កម្មវិធីរបស់លោក គេឃើញមានបរិយាកាសយ៉ាងសប្បាយរីករាយ ដល់ពាក់កណ្ដាលអាធ្រាតុ នៅភោជនីយដ្ឋានវីហ្វេនបឹងកក់ ដោយលោក ដែលជាម្ចាស់ខួប ក៏លែងស្ទីលតែងខ្លួនសមជាតារាចម្រៀងយុវវ័យយ៉ាងទាក់ភ្នែក មិនចាញ់តារាល្បីនោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here