បន្ទាប់ពីបានចំណាយពេលអស់ច្រើនថ្ងៃ កាលពីយប់ថ្ងៃទី១៨ មករា ឆ្នាំ២០២៤ ការប្រកួត Miss Global International 2023 បានបញ្ចប់ជាផ្លូវការហើយ ដោយបានរកឃើញកញ្ញាឯក មកពីប្រទេស Puerto Rico អោយក្លាយជាម្ចាស់មកុដ ក្នុងចំណោម៧៩ប្រទេស ដែលមកប្រជែងមកុដ នៅកម្ពុជា។
នេះគឺជាមុខមាត់ដ៏ធំមួយរបស់កម្ពុជា ដែលអាចឆ្មក់បានព្រឹត្តិការណ៍អន្តរជាតិដ៏ធំមួយនេះ អោយមកប្រកួតនៅកម្ពុជា ដោយការប្រកួតនេះ វៀតណាមក៏ជាម្ចាស់ផ្ទះផងដែរ តែបានធ្វើម្ចាស់ផ្ទះត្រឹមតែជាការប្រកួតបឋម តែការប្រកួតឈុតតំណាងជាតិ និង វគ្គ Final គឺកម្ពុជាគឺជាម្ចាស់ផ្ទះ។
អ្វីដែលកាន់តែមានកិត្តិយសទៀតនោះ គឺបវរកញ្ញាកម្ពុជា ត្រូវបានជាប់ក្នុង Top 13 ដែលជាវគ្គដ៏សំខាន់ ដែលបង្ហាញយ៉ាងច្បាស់ថា បេក្ខនារីដែលលោក អ៊ិន សុភិន ជ្រើសអោយប្រកួតតំណាងប្រទេស គឺអាចនិយាយបានថា មិនមានបេក្ខនារីណាម្នាក់ដែលមិនចូល Top លើឆាកអន្តរជាតិ លើកលែងតែ បេក្ខនារី ចន សុទិម៉ា នៅក្នុងកម្មវិធី Miss Universe តែក៏ក្លាយជាបេក្ខនារី Miss Universe កម្ពុជា ដែលល្បីជាងគេ នៅក្នុងប្រកួត។
លោក អ៊ិន សុភិន បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលលោកអាចទាញកម្មវិធី Miss Global អោយមកប្រកួតនៅកម្ពុជា ដែលមិនខុសពីជួយផ្សព្វផ្សាយពីកម្ពុជា និង មិនខុសពីលើកមុខកម្ពុជា លើឆាកអន្តរជាតិ។ លោកថាការប្រកួតដែលមានច្រើនប្រទេសមកចូលរួមបែបនេះ មិនមែនជារឿងងាយស្រួលនោះទេ ហើយលោកក៏រំភើបចិត្តផងដែរ ដែលអាចរៀបចំកម្មវិធីបានដោយជោគជ័យ បើទោះជាមានចន្លោះខ្លះ ដែលការរៀបចំកម្មវិធីណា ក៏តែងតែមាន។