យោងតាមប្រកាសរបស់សាលាស្រណោះតន្ត្រី និង លោក សូ ស្រណោះ ដែលជានាយកសាលា បានប្រកាសថា នៅថ្ងៃទី២៣ និង ២៤ មីនា ឆ្នាំ២០២៤ ខាងមុខនេះ លោក និង សាលារបស់លោក នឹងធ្វើការប្រលង ផ្នែកតន្ត្រី និង ចម្រៀងក្លាស៊ិក ទ្រង់ទ្រាយធំមួយ ដើម្បីជ្រើសយកម្ចាស់ពានពីប្រទេសកម្ពុជា អោយទៅប្រលងបន្តតំណាងកម្ពុជា នៅក្នុងព្រឹត្តិការណ៍ Chicago Music Internation Award នៅអាមេរិក ដើម្បីទៅដណ្ដើមពានមាស និង ឈ្នះប្រាក់រង្វាន់យ៉ាងសន្ធឹក សម្រាប់រដូវកាលឆ្នាំ២០២៤នេះ។
បញ្ជាក់បន្ថែមប្រាប់ ផ្ទះតារា លោក សូ ស្រណោះ បានថ្លែងប្រាប់ថា ដើម្បីអាចចូលប្រលងដណ្ដើមពាននេះបាន បេក្ខជនដែលមានជំនាញផ្នែកចម្រៀង និង តន្ត្រីក្លាស៊ិក គ្រាន់តែទិញពាក្យក្នុងតម្លៃ១២០ដុល្លារប៉ុណ្ណោះ ហើយរាល់ការដាក់ពាក្យ គឺបានឱកាសប្រលងផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៣ និង ២៤ មករា នៅសណ្ឋាគារ Himawari Hotel អមដោយអាហារក្នុងពិធីតែម្ដង ដោយមិនមានការជម្រុះចោលសិនឡើយ។
សម្រាប់ការប្រកួតក្នុងស្រុកនេះ គឺមិនមានការកំណត់ចំនួនពានមាសនោះទេ ពោលគឺអោយសមត្ថភាពអាចទាញពិន្ទុពីគណកម្មការទទួលបានពានមាស គឺជូនពានមាសតែម្ដង។ ម្ចាស់ពានមាសពីកម្ពុជាទាំងអស់ នឹងត្រូវបានសិទ្ធិទៅប្រកួតបន្តនៅអាមេរិកដោយស្វ័យប្រវត្តិ នៅអំឡុងខែកក្កដាខាងមុខ តែការចំណាយគឺជាបន្ទុករបស់បេក្ខជន គ្រាន់តែសាលាស្រណោះតន្ត្រី និង កម្មវិធីនៅអាមេរិក ជាអ្នករៀបចំទទួល។ ក្នុងនោះម្ចាស់ពានប្រាក់ទាំងអស់ ដែលទទួលបាននៅថ្ងៃផ្ដាច់ព្រ័ត្រនៅកម្ពុជា សាលាក៏នឹងបញ្ជូនអោយទៅប្រកួតតំណាងកម្ពុជានៅប្រទេសកូរ៉េផងដែរ នៅក្នុងកម្មវិធីប្រកួតចម្រៀង និង តន្ត្រីក្លាស៊ិកធំមួយ ដោយបន្ទុកនៃការចំណាយគឺជារបស់បេក្ខជនដូចគ្នា។
លោក ស្រណោះ បញ្ជាក់ថា នេះគឺជាឱកាសធំមួយ សម្រាប់បេក្ខភាពដែលមានសមត្ថភាព ហើយចង់ទៅប្រកួតនៅប្រទេសធំៗទាំងពីរ ហើយបើទោះជាការចំណាយចេញទៅប្រកួត គឺបន្ទុកផ្ទាល់ខ្លួន តែបើធៀបនឹងអ្នកដែលមានសមត្ថភាព ហើយគ្មានការរៀបចំទទួលសិទ្ធិពីកម្មវិធី គឺទោះជាមានថវិកាប៉ុណ្ណាសម្រាប់ចំណាយ ក៏មិនអាចទៅចូលរួមបានដែរ ជាក់ស្ដែងនៅអាមេរិក គឺមិនងាយនឹងជាប់វីសាដើម្បីបានទៅឡើយ។ ក្នុងនោះក៏បានតំណាងប្រទេស និង បានទៅស្វែងយល់ពីការប្រកួត ជាលក្ខណៈពិភពលោកផងដែរ។ លោកទទូចអោយរួសរាន់ ដើម្បីដាក់ពាក្យ ដោយសារពាក្យនៃការស្នើសុំ ក៏នឹងមានកំណត់ផងដែរ។