កាលពីថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២៤ គេឃើញសិល្បករជាច្រើន បានទៅជួបជុំគ្នានៅទីរួមខេត្តសៀមរាប ដើម្បីធ្វើការបរិច្ចាគឈាមផង និង បំផុសអោយមានការបរិច្ចាគឈាមផង ដែលធ្វើអោយព្រឹត្តិការណ៍បរិច្ចាគឈាមដែលរៀបចំដោយសហគ្រិនវ័យក្មេង នៅខេត្តសៀមរាប នៅក្នុងឆ្នាំនេះ មានអ្នកទៅចូលរួមបរិច្ចាគយ៉ាងច្រើនកុះករ។ នេះក៏ចាត់ទុកថា គឺព្រឹត្តិការណ៍មួយ ដែលបង្ហាញថាប្រជាពលរដ្ឋ កាន់តែមានការយល់ដឹងពីការបរិច្ចាគឈាម និង ពីការចែករំលែកឈាម ដើម្បីជួយសង្គ្រោះ ដល់ជីវិតរបស់មនុស្សផងដែរ។
លោកស្រី គង់ ចាន់រ៉ែន អ្នករៀបចំព្រឹត្តិការណ៍មួយរូប បានលើកឡើងថា ការបំផុសអោយមានការបរិច្ចាគនេះ មានការរៀបចំដោយសហគ្រិនវ័យក្មេងប្រចាំនៅខេត្តសៀមរាប ជារៀងរាល់ឆ្នាំ ប៉ុន្តែឆ្នាំនេះគឺជាលើកដំបូង ដែលកម្មវិធី បានសម្រេចចាប់ដៃជាមួយនឹង មូលនិធិរបស់ កញ្ញា នី មុន្នីនាថ ដើម្បីអោយកញ្ញាគៀងគរតារាសិល្បៈអោយមកជួយបំផុស និង ផ្សព្វផ្សាយ អោយកាន់តែមានការដឹងឮទូលំទូលាយ។
គណកម្មការរៀបចំ ក៏បានសហការជាមួយម្ចាស់ស្ថាប័នផ្សព្វផ្សាយធំៗ ដូចជាផ្ទះតារាជាដើម អោយមកផ្ដិតទិដ្ឋភាពដល់ខេត្តសៀមរាប នៅក្នុងពេលនេះផងដែរ។ លោកស្រីថា កម្មវិធីលើកនេះ មានការសហការចូលរួមពីគ្រប់ភាគី ក្នុងនោះក្រោមការសហការជាមួយ សមាគមទេសចរណ៍ ប្រចាំខេត្តសៀមរាប កម្មវិធីទាំងមូល ក៏បានអញ្ជើញ តារាសិល្បៈដែលមកបំផុសការបរិច្ចាគឈាមដល់សៀមរាប អោយធ្វើដំណើរកម្សាន្ត ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍សំខាន់ៗ នៅខេត្តសៀមរាបទាំងមូល។ លោកស្រីថា សិល្បករ និង អ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមព្រឹត្តិការណ៍មួយនេះ ដូច្នេះហើយទើបការបរិច្ចាគឈាមដែលបានធ្វើឡើងនៅសៀមរាបនេះ ទទួលជោគជ័យ។