ជាការអបអរដល់ទិវារនៃក្ដីស្រលាញ់ ១៤ កុម្ភៈ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានដឹកនាំសិល្បករ និង សប្បុរសជនជាច្រើន នាំយកនំចំណី ម្ហូបអាហារ ភីហ្សា សំលៀកបំពាក់ ថវិកា និង ផលិតផលជាច្រើន យកទៅប្រគល់ជូនមណ្ឌលកុមារកំព្រាស្នាមញញឹម នៃក្ដីសង្ឃឹមកុមារ។ ជំនួយដែលបាននាំយកទៅថ្ងៃនោះរួមមាន ទឹកសណ្ដែក និង ចាហួយឆ្ងាញ់ ឧបត្ថម្ភពីភោជនីយដ្ឋានបាយ័ន សំលៀកបំពាក់ពីសប្បុរសជនតាមរយៈ កញ្ញា យ៉េយ៉េ កញ្ញា ប៊ូ សុនិតា អ្នកស្រី រ៉េតរ៉ូស និង សប្បុរសជនមួយចំនួន។
សាប៊ូដុសខ្លួន ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ សាប៊ូលាងចាន និង នំចំណីជាច្រើន ឧបត្ថម្ភដោយ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង សប្បុរសជនមួយចំនួន។ នំភីសម្រាប់ក្មេង១៣៥នាក់ ឧបត្ថម្ភដោយ លោក ឆឹម សក្កដា និង អ្នកស្រី រ៉េតរ៉ូស និង ថវិកាមួយចំនួន ដែលជាការឧបត្ថម្ភដោយម្ចាស់ជំនួយនានា តាមរយៈគ្រួសារតារាកម្ពុជា។ នៅក្នុងសកម្មភាពចែករំលែកក្ដីស្រលាញ់ ត្រូវនឹងទិវារនៃក្ដីស្រលាញ់១៤ កុម្ភៈ នេះ សិល្បករសិល្បការិនី និង ម្ចាស់ជំនួយដែលចូលរួម តាមរយៈគ្រួសារតារាកម្ពុជា ក៏បានសំណេះសំណាល និង ច្រៀងរាំអោយក្មេងៗបានសប្បាយដល់យប់ ក្រោយពីចែកចំណីចំណុក និង ញាំអាហារជុំគ្នាផងដែរ ជាពិសេស លោក លី សុជន ដ្បិតថាមមាញឹក ក៏ឆ្លៀតនៅសម្ដែង និង លេងសប្បាយៗជាមួយក្មេងៗ ដល់យប់ជ្រៅ ដើម្បីបង្កើតនូវអនុស្សាវរីយ៍នៅក្នុងមណ្ឌលនោះ។
លោក ផាត់ តារារដ្ឋ, លោក រុន ណាកូ ដែលបានផ្ដិតយកទិដ្ឋភាពនាថ្ងៃនោះ បានកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសជន និង សិល្បករទាំងអស់ ទាំងអ្នកបានចូលរួមថវិកា និង បានទៅដោយផ្ទាល់ ដែលបានរួមចំណែកជាមួយ គ្រួសារតារាកម្ពុជា ក្នុងទិវារនៃក្ដីស្រលាញ់។