យោងតាមការលេចឮ តារាប្រុសស្រី៤រូប នឹងត្រៀមចេញសម្ដែងរួមគ្នា នៅឯក្រៅប្រទេសក្នុងពេលឆាប់ៗនេះហើយ បន្ទាប់ពីអ្នកទាំង៤ កាន់តែឡើងកូដនៅក្នុងសិល្បៈ។ តារាទាំង៤រូបនោះរួមមាន លោក ម៉ាដូណា លោក ណុប ហេងទ្រី កញ្ញា ប្រេម៉ា និង តារាចម្រៀង កញ្ញា សម សូនី។ យ៉ាងណាមិញ អ្នកទាំង៤ នៅមិនទាន់បញ្ជាក់អោយដឹងពីប្រទេសដែលត្រូវចេញសម្ដែងនោះទេ ដោយគ្រាន់តែដឹងថា គឺនៅប្រទេសស៊ីវិល័យ ហើយអាចនឹងចេញទៅ មុនអំឡុងចូលឆ្នាំខ្មែរ។ មានការលើកឡើងថា ជំនួបរបស់តារាទាំង៤ ពិតជាផ្ទុះការគាំទ្រ នៅឯនាយសមុទ្រជាមិនខានទេ ដោយសារតែ ក្នុងចំណោមពួកគេ ក៏មានតារា២ដួង គឺលោក ម៉ាដូណា និង ណុប ហេងទ្រី គឺជាតារាដែលពោរពេញដោយស្ទីលកំប្លុកកំប្លែងផងដែរ។

លោក ម៉ាដូណា គឺជាតារាជើងចាស់មួយរូប ដែលអាចច្រៀងបែបសម័យក៏បាន បែបបុរាណក៏បាន អ្វីដែលសំខាន់ គឺលោកអាចច្រៀងបានគ្រប់ទម្រង់ នូវបទបែបសប្បាយៗ ដូចចង្វាក់រាំវង់ រាំក្បាច់ សារ៉ាន់ និង ឡាំលាវជាដើម។ លោកគឺជាតាដែលត្រូវគេចាត់ទុកថា ពូកែនាំសំណើច ដោយតែងលេងស្ទីលក្រមិចក្រមើម ហើយអាចបន្ទរវោហារស័ព្ទយ៉ាងសប្បាយរីករាយ ដែលធ្វើអោយអ្នកស្ដាប់មិននឿយណាយ។ លោកក៏ជាតារាកំប្លែង និង ជាពិធីករ ដែលតែងតែធ្វើអោយអ្នកទស្សនាសើចនឹងកាយវិការបស់លោក អមដោយសមត្ថភាពកំប្លែង ដែលពិបាកអោយតារាណាមួយប្រជែងបាន។ មកដល់ពេលនេះ លោក ម៉ាដូណា កំពុងឡើងកូដយ៉ាងខ្លាំង ក្នុងអាជីពជាពិធីករទូរទស្សន៏ និង ជាតារាចម្រៀង ដែលអាចបកស្រាយបានគ្រប់ទម្រង់ មុនថាបទញាក់ ឬ បទសប្បាយៗ បែបប្រពៃណីខ្មែរនោះ។

លោក ហេងទ្រី ណុប ឯណេះវិញ ក៏ជាសិល្បករមួយរូបដែលមានសមត្ថភាព និង កំពុងឡើងកូដមិនធម្មតាផងដែរ។ លោកគឺជាអ្នកផលិត MV អោយតារាល្បីៗមួយចំនួន នៅកម្ពុជា ប៉ុន្តែក្រោយពេលចេញបទផ្ទាល់ខ្លួន និង តែងឡើងឆាកជាដៃគូជាមួយលោក ម៉ាដូណា ក៏ផ្ទុះការគាំទ្រ និង មានសន្ទុះតែម្ដង។ លោកតែងឃើញលោកបកស្រាយបទចម្រៀង Fit ជាមួយដៃគូលើឆាក ហើយសម្ដែងកាយវិការក្រមិចក្រមើលជាមួយគ្នា ដែលធ្វើអោយអ្នកណាក៏មិនសរសើរនឹងទេពកោសល្យរបស់ផលិតកររូបនេះមិនបាន។ លោកក៏ជាតារាដែលមានការគាំទ្រខ្លាំង នៅក្នុងសង្គម TikTok ក្រោយពីបន្តចេញឃ្លីបកំប្លែងៗជាមួយ លោក ម៉ាដូណា និង ក្រោយពីតែងទទួលឡើងឆាករួមគ្នា គ្រប់កម្មវិធីតូចធំផងដែរ។ ហេងទ្រី ណុប បានអះអាងថា លោកនឹងបន្តចេញបទទោលផ្ទាល់ខ្លួន និង ជាមួយលោក ម៉ាដូណា ក្នុងពេលបន្តបន្ទាប់ បន្ទាប់ពីបានបញ្ចេញបទចម្រៀងជាមួយ ម៉ាដូណា ជារឿយៗ ហើយផ្ទុះការគាំទ្រ។ លោកក៏ជាតារាដែលមានសមត្ថភាពបកស្រាយចង្វាកប្រជាប្រិយខ្មែរ ដូចជាបទរាំវង់ រាំក្បាច់ បានយ៉ាងពិរោះផងដែរ ទើបធ្ចើអោយតារារូបនេះ ទទួលបានការគាំទ្រ ក្រោយបានចាប់គូជាមួយ លោក ម៉ាដូណា។

កញ្ញា ប្រេម៉ា មិនត្រឹមតែស្រស់សោភាតែម្យ៉ាងនោះទេ តែតារាចម្រៀងរូបនេះ ក៏មានទឹកដមសំលេងពិរោះរន្ដំផងដែរ ទាំងបទចម្រៀងបែបបុរាណ និង បែបសម័យ។ ប្រេម៉ា កំពុងឡើងកូដនៅក្នុងវិស័យចម្រៀង ដោយគេឃើញការងារសិល្បៈរបស់នាង គឺមមាញឹកខ្លាំង។ សន្ទុះឈានឡើងនេះ គឺដោយសារតែនាងអាចបកស្រាយបានគ្រប់ប្រភេទបទ ជាពិសេសគឺបទសប្បាយៗ រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ជាដើម។

ងាកមកតារាចម្រៀង កញ្ញា សម សូនី ឯណោះវិញ ក៏ឡើងកូដណាស់ដែរ។ គេឃើញនាងលេចមុខក្នុងសកម្មភាពច្រៀងរាំស្ទើរគ្រប់កម្មវិធី។ ក្នុងនោះឱកាសបានច្រៀងក្នុងពិធីមង្គលការ ក៏សកម្មភាពផងដែរ ដោយសារតែនាងមានទឹកដមសំឡេងបទបែនបានពីរោះ នូវបទញាក់ បទរាំវង់ រាំក្បាច់ និង បទសប្បាយៗជាដើម។ ដូច្នេះហើយ ទើបនាងមានឱកាសត្រូវគេអញ្ជើញអោយទៅច្រៀងនៅក្រៅប្រទេសឆាប់ៗ រួមជាមួយនឹង តារា៣ដួងខាងលើ។

LEAVE A REPLY

Please enter your comment!
Please enter your name here