ស្ទើរមិនគួរអោយជឿនោះឡើយ ដែលភាពយន្តខ្នាតធំរបស់ខ្មែរ គឺរឿង “ម៉ែក្រឡាភ្លើង” ដែលភាសាថៃ ហៅថា “ម៉ែនួន” ត្រូវបានអ្នកចែកចាយរឿងនៅក្នុងប្រទេសថៃ ទិញសិទ្ធិយកមកចែកចាយនៅគ្រប់រោងកុនរបស់ប្រទេសថៃ ដោយបានទាំងរៀបចំពិធីបើកសម្ពោធអោយកម្ពុជា យ៉ាងពេញមុខ កាលពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងបាងកក។ នេះចាត់ទុកថា គឺជាប្រវត្តិសាស្ត្រធំមួយ ដែលភាពយន្តខ្មែរ ត្រូវបានប្រទេសថៃយកមកដាក់រោងផ្លូវការ ហើយនៅថ្ងៃបើកសម្ពោធ គឺគ្រាន់តែវត្តមានតារាថៃ អ្នកលេងបណ្ដាញសង្គមថៃ និង អ្នកសារព័ត៌មាន គឺយ៉ាងច្រើនស្កេកស្កះ ដែលជាការលើកមុខដល់ផលិតករ និង តួសម្ដែងក្នុងរឿង ដែលមកពីកម្ពុជា។

លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្ត្រាហ្វៀម បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង នៅពេលដែលឃើញភាពយន្តរបស់ខ្លួន គឺរឿង “ម៉ែក្រឡាភ្លើង” ទទួលបានការចាប់អារម្មណ៍ និង ផ្ទុះការគាំទ្រពីសំណាក់ប្រជាជនថៃ។ លោកស្រីកាន់តែរំភើប នៅប្រព័ន្ធផ្សព្វផ្សាយធំ ស្កាត់សម្ភាសន៍ និង កំពុងចាក់ផ្សាយនូវកិច្ចសម្ភាសន៍របស់លោកស្រី និង តួសម្ដែង នៅតាមបណ្ដាញផ្សព្វផ្សាយថៃ ដើម្បីប្រូម៉ូតភាពយន្តរបស់ខ្មែរ។

លោកស្រីថា ភាពយន្តនេះនឹងដាក់លក់សំបុត្រជាផ្លូវការគ្រប់រោង នៅក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២៩ កុម្ភៈ តទៅ តែបានបើកសម្ពោធមុនកំណត់ ដើម្បីអោយប្រព័ន្ធផ្សព្វផ្សាយថៃ មានពេលវេលាធ្វើទីផ្សារលើភាពយន្តរឿង “ម៉ែក្រឡាភ្លើង” របស់ខ្មែរ អោយកាន់តែទូលំទូលាយ មុនដាក់លក់សំបុត្រគ្រប់រោងនៅថៃ។ ភាពយន្តនេះ ត្រូវគេជឿថា នឹងផ្ទុះជាងនៅស្រុកខ្មែរទៅទៀត ដោយសារ អ្នកនាង ប៊ុន ចាន់និមល បានថតបន្ថែមនូវប្លង់រន្ធត់ៗជាច្រើន រហូតដល់ទៅជាង១០ស៊ីន ដែលធ្វើអោយភាពយន្តនេះមានរសជាតិខុសពីពេលបញ្ចាំងនៅខ្មែរ និង ល្អមើលជាងមុនដាច់។

LEAVE A REPLY

Please enter your comment!
Please enter your name here