ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៦ បានរៀបចំធ្វើឡើង និង បញ្ចប់យ៉ាងជោគជ័យ ជាផ្លូវការកាលពីរសៀលថ្ងៃទី ៧ ខែ មីនា ឆ្នាំ ២០២៤ មុននេះ នៅឯមជ្ឍមណ្ឌលពិព័រណ៍ និង សន្និបាតកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុនម៉ាណែត។ដើម្បីចូលរួមអបអរសាទរ « ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤ » ក្រោមប្រធានបទ « យុវជនដើម្បីវប្បធម៌ជាតិ »។សំណេះសំណាលជាមួយសិល្បករ ទូទាំងប្រទេសលើកទី៥។
នៅក្នុងពិធីដ៏មហោឡារិកនេះ លោក ផាត់ ដារ៉ារដ្ឋ ស្ថាបនិក គ្រួសារតារាកម្ពុជា និង ជាចាងហ្វាងស្ថាប័ន សារព័ត៌មាន ផ្ទះតារា ក៏បានរៀបចំ និង ដឹកនាំក្រុមសិល្បករ សិល្បការិនីមួយចំនួន ទៅចូលរួមជួបសំណេះសំណាល និង ពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំប្រទេស ក៏ដូចជាបងប្អូនសិល្បករគ្រប់ជំនាន់ មកពីគ្រប់ទិសទីផងដែរ។
គួរបញ្ជាក់ផងដែរថា ទិវាវប្បធម៌ជាតិ រៀបចំឡើងដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានពលីទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញា និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកមកដល់កូនចៅជំនាន់ក្រោយ។
រាជរដ្ឋាភិបាលបានកំណត់យ៉ាងច្បាស់ថា វប្បធម៌ គឺជាព្រលឹងជាតិ ជាអត្តសញ្ញាណជាតិ ជាប្រភពមិនចេះរីងស្ងួតសម្រាប់ជាមូលដ្ឋានគ្រឹះក្នុងការពង្រឹងស្មារតីនៃការស្រឡាញ់ចំពោះជាតិមាតុភូមិ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជំរុញការទទួលស្គាល់ របស់ពិភពលោកលើវប្បធម៌ អរិយធម៌ ដ៏ចំណាស់របស់ជាតិ និងជាប្រភពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយចីរភាព។