កាលពីរសៀលថ្ងៃទី ៨ ខែ មីនា ឆ្នាំ ២០២៤ មុននេះ សមាគមតន្ត្រីសំនៀងជនពិការ គណៈកម្មការវេទិកាស្ត្រីមានពិការភាព ដែលមានឯក ឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួង ស.អ.យ ជាប្រធាន និង លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី បានប្រារព្ធធ្វើពិធី សំណេះសំណាល និង ពិសារអាហារសាមគ្គីជាមួយស្ត្រីមានពិការភាពភ្នែក និង កាយសប្បទា ដើម្បីអបអរសាទទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ « ស្ត្រី និង ក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល »។
នាឱកាសដ៏វិសេសវិសាលនេះផងដែរក៏មានការចូលរួមជាអធិបតីភាពពីសំណាក់ ឯក ឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសប្បទា ព្រមទាំង លោកជំទាវ ជា ផល្គុន រួមជាមួយនឹង ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធ សិល្បករ សិល្បការិនី អាជ្ញាធរដែនដី និង ក្រុមស្ត្រីមានពិការភាពក្នុងរាជធានីភ្នំពេញសរុបប្រមាណ ៣០០នាក់។ សង្កេតឃើញថា កម្មវិធីនេះត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅក្នុង មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈពិការភ្នែក និង សមាគមតន្ត្រីសំនៀងជនពិការ។
នៅក្នុងថ្ងៃពិសេសនេះផងដែរ អ្នកស្រី ប៊ុត ច័ណ្ឌសោភ័ណ្ឌ ហៅ រ៉េត រ៉ូស ជំនួសមុខឱ្យលោក ផាត់ ដារ៉ារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ក៏បានដឹកនាំសិល្បករ សិល្បការិនីទីចូលរួមជាកិត្តិយសតបតាមការអញ្ជើញឱ្យចញលរួមជាភ្ញៀវកិត្តិយស ពីសំណាក់ ឯក ឧត្តម ចាប តូ អនុរដ្ឋលេខាធិការ ក្រសួង ស.អ.យ និង ជាប្រធាន សមាគមតន្ត្រីសំនៀងជនពិការ ផងដែរ។