សម្រាប់ការបង្ហាញខ្លួន ក្រោយពីបេក្ខជនបានជាប់រួបថតនៅក្នុងការដាក់ពាក្យនេះ សម្រាប់ការប្រកួតបុរសឯក ឬ នារីឯកផ្សេងៗកម្រឃើញផ្ដល់ឱកាសរៀបឆាកអោយអ្នកដែលត្រូវទៅបង្ហាញខ្លួនអោយគណកម្មការឃើញ មានឆាកបែបនេះសម្រាប់បង្ហាញសមត្ថភាពណាស់។
ទើបគេចាត់ទុកថា ការប្រកួត Man of Cambodia ដែលជាការប្រកួតបុរសឯក ដែលដឹកនាំដោយ ND លោក កែវ វាសនា និង លោក ទីម៉ូ អាចថាគឺជាកម្មវិធីដែលហ៊ានជះការចំណាយធំមួយ ដែលគ្រាន់តែវគ្គអញ្ជើញអ្នកដាក់ពាក្យមកជម្រុះយក៦០នាក់ក្នុងជំហានដំបូងសោះ តែបែរជារៀបចំសុទ្ធតែគណកម្មការល្បីៗ និង រៀបទាំងវេទិកាឆាកភ្លើងភ្លេង ដើម្បីអោយអ្នកជាប់រូបថតមកបង្ហាញខ្លួន និង ដួចជាលើកមុខមាត់របស់ពួកគាត់ បើទោះជាកម្មវិធីមិនទាន់ឈានដល់ការបង្វឹកពួកគាត់នោះផង។ អ្វីដែលសំខាន់គឺការបង្ហាញខ្លួនត្រូវបានកំណត់រយៈពេល២ថ្ងៃ និង សរុបបេក្ខជនចំនួនជាង១០០នាក់។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា និង ជាចាងហ្វាងសារព័ត៌មាន ផ្ទះតារា ដែលជាគណកម្មការដាក់ពិន្ទុមួយរូបនៅក្នុងកម្មវិធី បានលើកឡើងថា អ្នកទស្សនាការ Live លេងៗខ្លះ គឺពិតជាគិតថាកម្មវិធីហាក់មានចន្លះប្រហោង ពិសេសគឺសមត្ថភាពបេក្ខជន ក្នុងវគ្គឆ្លើយសំណួរ តែនៅពេលដឹងថា នេះគ្រាន់តែជាវគ្គដែលបេក្ខជនត្រូវបង្ហាញមកអោយគណកម្មការមើលមុខផ្ទាល់ ទើបមានការសរសើរភ្លាមថា គ្រាន់តែវគ្គហៅអ្នកជាប់រូបថតមកមើលមុខសោះ អ្នករៀបចំកម្មវិធីលែងសុទ្ធឆាក ដូចការប្រកួតផ្លូវការ។ ក្នុងនោះសម្រាប់បេក្ខជនខ្លះ ក៏ល្អទាំងព្រមក៏មានដែរ ទាំងរូបសម្រស់ ការណែនាំខ្លួន ការឆ្លើយសំនួរ និង Body ជាដើម។
លោកថា ការជម្រុះនាថ្ងៃចុងក្រោយ កាលពីថ្ងៃទី២៤ មីន គឺរលូនជាងថ្ងៃទី១ ដោយសារតែការរៀបចំក៏ច្បាស់លាស់ជាងមុន ហើយបេក្ខភាពប្រកួតប្រជែង ក៏សំបូរអ្នកមានសមត្ថភាព។ ក្នុងនាមជាអ្នកដាក់ពិន្ទុម្នាក់ លោកនឹងប្រើអោយអស់ពីសមត្ថភាព ក្នុងជ្រើសយកបេក្ខជនដែលមានគុណភាពពេញលេញ ហើយប្រកបដោយយុត្តិធម៌ ដើម្បីអោយបណ្ដាអ្នកប្រកួតទាំងអស់យល់ស្រប។ លោកថា ពួកគាត់នឹងត្រូវប្រកាសយក៦០រូប ដើម្បីទៅកាន់វគ្គបន្ត ហើយការសម្រេចរៀបឆាកដូចការប្រកួតធំដុំនៅក្នុងពេលនេះ គឺដើម្បីអោយអ្នកដាក់ពាក្យគ្រប់រូបចាប់ផ្ដើមផ្សាំឆាកតែម្ដង ទោះជាស្អាត ឬ ក៏មិនសូវស្អាត ដែលបានដាក់ពាក្យ។