ក្រោយការរៀបចំសង្ក្រាន្តដ៏កក្រើកនៅបុរីទីលាង រយៈពេល3ថ្ងៃ ថ្ងៃទី5 ទី6 និង ទី7 មិនត្រឹមតែមជ្ឈដ្ឋានក្នុងស្រុកតែប៉ុណ្ណោះទេ ដែលទទួលស្គាល់នូវការរៀបចំ និង ផ្សព្វផ្សាយ ពីទម្រង់សិល្បៈខ្មែរ របស់ផ្ទះតារា និង គ្រួសារតារាកម្ពុជា សូម្បីតែអ្នករៀបចំកម្មវិធីធំៗនៅក្នុងប្រទេសថៃមួយចំនួន ក៏បានមើលឃើញពីកម្មវិធីសង្ក្រាន្តនេះ ហើយទទួលស្គាល់ថា គឺជាសង្ក្រាន្តធំមួយកម្រិតជាតិ ដែលចម្រុះដោយសិល្បៈ វប្បធម៌ និង ទម្រង់បែបខ្មែរ គួរអោយសរសើរនោះផង។

ជាក់ស្ដែងតារាថៃរបស់ដល់4រូប ដែលរួមមានទាំងតួឯកភាពយន្តថៃ និង អតីតអ្នកប្រដាល់ពិភពលោកថៃ ក៏បានចុះទៅលេងសង្ក្រាន្តនោះ កាលពីថ្ងៃបើកឆាកផង។ ជាមួយនឹងភាពលេចធ្លោនោះហើយ ដែលគណកម្មការកម្មវិធី Sangran World Heritage ដែលថៃប្រារព្ធឡើងដើម្បីអបអរសង្ក្រាន្តថៃចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក បានសម្រេចប្រគល់ប័ណ្ណសរសើរជាបុគ្គលឆ្នើមជូនដល់ លោក ផាត់ តារារដ្ឋ និង លោក ថាល់ សុករុន (រុន ណាកូ) ដែលជាតំណាងអ្នករៀបចំសង្ក្រាន្តលេចធ្លោមួយរូប អោយតំណាងកម្ពុជា ដើម្បីមកទទួលលិខិតសរសើរ នៅបាងកក។

ពិធីនេះមានការចូលរួមដោយ32ប្រទេស ដោយបណ្ដាប្រទេសនីមួយៗ ត្រូវបានគេកំណត់យកតែបុគ្គលឆ្នើមៗ តំណាងអោយប្រទេសរៀងៗខ្លួន ដែលបានរួមចំណែកជួយដល់សិល្បៈវប្បធម៌ នៅក្នុងប្រទេសរបស់ពួកគេ ហើយមានភាពលេចធ្លោៗតែប៉ុណ្ណោះ។ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអ្នកលើកស្ទួយសិល្បៈវប្បធម៌ នៅកម្ពុជាយ៉ាងលេចធ្លោរម្នាក់ និង លោក រុន ណាកូ ដែលជាពិធីករ និង ក្រុមការងារស្នូលរាល់សកម្មភាពទាំងឡាយរបស់ផ្ទះតារា និង គ្រួសារតារាកម្ពុជា ត្រូវបានគណកម្មការថៃក្នុងកម្មវិធីខាងលើទាក់ទងមកតាមរយៈអ្នកសម្របសម្រួលខ្មែរមួយរូប គឺ លោកស្រី ចែម សិរីរក្ស ដែលជាអ្នកបកប្រែថៃ និង ជាមន្ត្រីមើលខុសត្រូវនៅច្រកជប់គគីរខេត្តឧត្តរមានជ័យ ដែលធ្លាប់ទទួលមកុដជាស្ត្រីឆ្នើមនៅក្នុងប្រទេសថៃ បន្ទាប់ពីឃើញលោកទាំងពីរមានស្នាដៃច្រើន នៅលើបណ្ដាញសង្គម ក្នុងការចូលរួមបង្កើតព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេស ជាពិសេសគឺព្រឹត្តិការណ៍សង្ក្រាន្តដ៏កក្រើក ដែលទើបបញ្ចប់នោះ។

លោក ផាត់ តារារដ្ឋ បានចាត់ទុកថា នេះជាមុខមាត់មួយរបស់កម្ពុជា ដែលថៃបានអញ្ជើញលោក និង ក្រុមការងារ គឺលោក រុន ណាកូ អោយទទួលបានប័ណ្ណសរសើរជាការលើកទឹកចិត្ត ក្រោយពីលោក និង ក្រុមការងារលះបង់មិនតិចឆ្នាំដើម្បីបំផុសពីវប្បធម៌ខ្មែរ។ ក្នុងចំណោម32ប្រទេស លោកថា បរទេសកាន់តែស្គាល់ពីកម្ពុជា ដោយសារតែលោក និង លោក រុន ណាកូ ក៏បានលើកនូវផ្លាកឈ្មោះ និង ទង់ជាតិកម្ពុជា ឡើងទៅកាន់វេទិកា នៅពេលពិធីករពិធីការិនីប្រកាសឈ្មោះតំណាងកម្ពុជាទាំង2រូប អោយឡើងទៅទទួលប័ណ្ណសរសើរលើឆាកផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here